វិបត្តិអាកាសធាតុនៅអឺរ៉ុប៖ មនុស្ស៤០នាក់លង់ទឹកស្លា.ប់នៅបារាំង ពេលនាំគ្នាហែលគេចពីរលកកម្តៅ
N
Nary Vann
24 មិថុនា 2026 10:51 AM

រដ្ឋធានីប៉ារីស៖ វិបត្តិរលកកម្តៅកាចសាហាវ កំពុងវាយលុកប្រទេសបារាំង និងបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤០នាក់លង់ទឹកស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងពេលពួកគេនាំគ្នាទៅហែលទឹកនៅតាមតំបន់ ដែលគ្មានការត្រួតពិនិត្យ ឬគ្មានឆ្មាំជួយសង្គ្រោះ ដើម្បីគេចចេញពីភាពក្ដៅហួតហែង...។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិមួយកាលពីថ្ងៃទី២៣មិថុនា ចំពេលដែលប្រទេសបារាំងកត់ត្រាថ្ងៃមានអាកាសធាតុក្ដៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រីបារាំង លោក ស៊េបាស្ទាន ឡេខនូ (Sebastien Lecornu) មានប្រសាសន៍ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ភាគច្រើនជាយុវជនវ័យក្មេង។ លោកបានថ្លែងទាំងសោកស្ដាយថា ពួកគេគឺជាជនរងគ្រោះដំបូងគេនៃវិបត្តិដែលបារាំងកំពុងប្រឈមមុខ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះរបស់ប្រទេស បានហក់ឡើងហួស៤០អង្សាសេ។ យោងតាមស្ថាប័នព្យាករអាកាសធាតុ Meteo France នៅភាគនិរតីនៃប្រទេស សីតុណ្ហភាពបានហក់ឡើងដល់កម្រិតកំណត់ត្រា គឺ៤៣អង្សាសេ

ទន្ទឹមនឹងសោកនាដកម្មលង់ទឹកស្លាប់នេះ អាជ្ញាធរមូលដ្ឋាន ក៏បានរាយការណ៍ពីករណីស្លាប់គួរឱ្យរន្ធត់ផ្សេងទៀត ដោយសារតែកម្តៅផងដែរ ក្នុងនោះ មានកុមារតូចៗពីរនាក់ (អាយុ២ឆ្នាំ និង៤ឆ្នាំ) ត្រូវបានគេរកឃើញថា ស្លាប់ក្នុងស្ថានភាពសន្លប់នៅក្នុងរថយន្តមួយនៅក្រៅផ្ទះរបស់ពួកគេ នៅភាគអាគ្នេយ៍ប្រទេសបារាំង។ លើសពីនេះ មនុស្សវ័យចំណាស់៣នាក់ផ្សេងទៀត ដែលមានអាយុចន្លោះពី៨០ ដល់៩៥ឆ្នាំ ក៏បានទទួលមរណភាពនៅក្នុងតំបន់ Bordeaux ដោយសារបញ្ហាសុខភាព បង្កឡើងដោយអាកាសធាតុក្ដៅខ្លាំងពេកនេះដែរ។

ជុំវិញស្ថានភាពអាសន្ននេះ សហព័ន្ធអន្តរជាតិ នៃសមាគមអឌ្ឍចន្ទក្រហម និងកាកបាទក្រហម (IFRC) បានចេញសេចក្តីព្រមានថា ប៉ុន្មានថ្ងៃខាងមុខ នឹងបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរបំផុត សម្រាប់តំបន់អឺរ៉ុបទាំងមូល។ មន្ត្រីរបស់ IFRC បានជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ ចំពោះរលកកម្តៅនេះ និងជួយមើលថែទាំអ្នកដែលមានហានិភ័យខ្ពស់ ដើម្បីសង្គ្រោះអាយុជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត