កងកម្លាំងថៃបន្តរាយបន្លាលួស ជីកដីលើកទំនប់រំលោភទឹកដីកម្ពុជា នៅតំបន់អូរស្មាច់ និងភូមិថ្មដូន
អុន សម្ផស្ស
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានទាំងព្រឹកព្រលឹម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីបង្ហាញការតវ៉ាយ៉ាងខ្លាំងក្លាសាជាថ្មី ចំពោះកងកម្លាំងថៃ ដែលបន្តធ្វើសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែន ក្នុងតំបន់បង្គោលព្រំដែនលេខ២២ និងបង្គោលព្រំដែនលេខ១៤..។

ក្រសួងការបរទេស អះអាងថា ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានជីកដីលើកទំនប់ និងរាយបន្លាលួសនៅតំបន់ជិតបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងថៃ បានចូលទៅរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កម្ពុជា ហៅសកម្មភាពទាំងនេះថា ជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត១/២០០០០០ (១លើ២០០ពាន់) ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ 

លើសពីនេះ សកម្មភាពកងកម្លាំងថៃ ថែមទាំងរំលោភបំពានលើមាត្រា៥ នៃ MoU ឆ្នាំ២០០០ ឬអនុស្សរណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានបង្កើតឡើងនៅឆ្នាំ២០០០។ មិនទាន់អស់ទេ! សកម្មភាពកងកម្លាំងថៃ ក៏រំលោភបំពានលើចំណុចទី២ និងចំណុចទី៦ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ចំពោះមុខបញ្ហានេះ កម្ពុជា ទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពាន និងដកកងកម្លាំងចេញពីតំបន់ដែលបានកាន់កាប់ដោយខុសច្បាប់ ដើម្បីកាត់បន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី។

ដូចលើកមុនៗ កម្ពុជា ប្រកាសមិនទទួលស្គាល់ការទាមទារព្រំដែន ឬទឹកដីជាឯកតោភាគីរបស់ថៃឡើយ។ កម្ពុជា នៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត