
បទបរិយាយ៖ ពិភពលោកកំពុងវិលដល់ចំណុចដ៏គ្រោះថ្នាក់ ស្មុគស្មាញ ផុយស្រួយ និងចាក់ស្រែះដូចកីតម្បាញ ជាពិសេស សន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់កំពុងស្ថិតក្នុងស្ថានភាពរសើបខ្លាំង ពិសេសបញ្ហាយោធាថៃបើកការឈ្លានពានលើកម្ពុជា។ ដូច្នេះ ក្នុងពេលបច្ចុប្បន្ន វិស័យការពារជាតិ និងសន្តិសុខ គឺរឿងសំខាន់ ដែលបណ្ដាប្រទេសជាច្រើននាំគ្នាសម្រុកទិញសព្វាវុធផ្ញុកចូលឃ្លាំង និងខ្លះទៀតផលិតអាវុធយុទ្ធោបករណ៍សឹកដោយខ្លួនឯង។ ថ្ងៃនេះ SBM News បង្ហាញសព្វាវុធទំនើបៗរបស់ប្រទេសក្បែរខាងកម្ពុជាមួយនៅភាគខាងកើត ដែលអាចផលិតបានដោយខ្លួនឯងចំនួន៧មុខ ស្តាប់ និងទស្សនាហើយ លោកអ្នកអាចនឹងព្រឺសម្បុរគីង្គក់ដោយមិនដឹងខ្លួន...។

មិត្តវៀតណាម បាននិងកំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ដ្បិតរដ្ឋកុម្មុយនីស្ដមួយនេះ កំពុងរលាស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតសព្វាវិធយោធាទំនើបៗយ៉ាងស្ងប់ស្ងាត់ បានដោយខ្លួនឯង និងមានភាពកាចសាហាវមិនធម្មតាទេ បើធៀបទៅនឹងយុទ្ធោបករណ៍ប្រទេសមហាអំណាចមួយចំនួនក្នុងតំបន់ ដូចជា ចិន រុស្ស៊ី និងកូរ៉េខាងជើង។ អាវុធ និងយុទ្ធោបករណ៍ទាំង៧ប្រភេទ ដែលវៀតណាមផលិតដោយផ្ទាល់ដៃនោះ រួមមាន៖ ទី១.ប្រព័ន្ធកាំភ្លើងធំស្វ័យចល័ត ១៥២មិលីម៉ែត្រ៖ ផលិតដោយក្រុមហ៊ុន Viettel វាជាប្រព័ន្ធកាំភ្លើងធំធុនធ្ងន់ មានកម្លាំងបាញ់កម្ទេចទៅកាន់គោលដៅបានខ្លាំង និងការចល័តមានភាពបត់បែនខ្ពស់។ ជាទូទៅ គេប្រើវាសម្រាប់គាំទ្រដល់កងទ័ពថ្មើរជើង និងកងរថពាសដែក។ អ្វីដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ គឺវាមានសមាសភាគសំខាន់ៗចំនួន៧ដូចជា៖ អាចបំពាក់កាំភ្លើងធំទំហំ១៥២មីលីម៉ែត្រនេះនៅផ្នែកខាងក្រោយនៃរថយន្ត, ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក, ប្រព័ន្ធគណនាល្បឿន និងគន្លងបាញ់, កាំភ្លើងប្រឆាំងយន្តហោះស្វ័យប្រវត្តិទំហំ១២,៧មិលីម៉ែត្រ, ប្រព័ន្ធឡាស៊ែរ, គ្រាប់បែកផ្សែង, ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធផ្គត់ផ្គង់ថាមពលស្វ័យប្រវត្តិ។

លើពីនេះ វាមានសមត្ថភាពបញ្ជាដោយស្វ័យប្រវត្តិ និងអាចបាញ់បាន៤គ្រាប់ក្នុងមួយនាទី ដោយត្រូវការតែយោធា៥ទៅ៦នាក់ ដើម្បីប្រតិបត្តិការជាក់ស្តែង។ វាមានទម្ងន់សរុប៣៤តោន និងល្បឿនបើកបរអតិបរមា៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទី២.ដ្រូនយោធារយៈចម្ងាយឆ្ងាយពហុតួនាទី VU-MALE៖ ផលិតដោយក្រុមហ៊ុន Viettel។ វាជាដ្រូនកម្រិតយុទ្ធសាស្ត្រ មានសមត្ថភាពឈ្លបយកការណ៍រួចប្រមូលការសម្ងាត់, កំណត់គោលដៅជាក់ស្តែង, ការស្ទាក់ចាប់ព័ត៌មានអេឡិចត្រូនិក និងអាចវាយប្រហារគោលដៅបាន ដោយសារសមត្ថភាពផ្ទុកអាវុធបានច្រើនប្រភេទ។ វាមិនមែនគ្រាន់តែជាដ្រូនធម្មតាឡើយ នោះក៏ព្រោះតែវាអាចប្រតិបត្តិការបានក្នុងរយៈពេលយូរ និងចម្ងាយឆ្ងាយ ដែលអាចគ្របដណ្ដប់ទាំងលើដីគោក លើអាកាស សមុទ្ទ និងប្រជុំកោះ ទោះស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អក៏ដោយ។ វាមានតួខ្លួនប្រវែង៨,៥ម៉ែត្រ, ស្លាបសងខាងប្រវែង១៧ម៉ែត្រ, ផ្ទុកទម្ងន់អាវុធបាន៥០០គីឡូក្រាម និងអាចផ្ទុកឧបករណ៍អេឡិចត្រូនិក, រ៉ាដា, ឧបករណ៍សង្គ្រាមអេឡិចត្រូនិក, មីស៊ីល និងគ្រាប់បែកឆ្លាតវៃជាដើម។ ដ្រូននេះ អាចហោះបានក្នុងល្បឿន២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយថែមទាំងអាចសំគាំងខ្លួនលើអាកាសបានច្រើនជាង២៤ម៉ោងមួយ។

ទី៣.រថពាសដែកដឹកជញ្ជូនទ័ព XTC-02 ផលិតដោយអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាម។ រថពាសដែកមួយប្រភេទនេះ មានប្រវែង៧,១៨៥ម៉ែត្រ, ទទឹង២,៧៦ម៉ែត្រ, កម្ពស់២,២២៥ម៉ែត្រ។ វាត្រូវបានបំពាក់ដោយកាំភ្លើងយន្តប្រឆាំងយន្តហោះទំហំ១២,៧មិលីម៉ែត្រ និងកាំភ្លើងធុនធ្ងន់៧,៦២មិលីម៉ែត្រ។ វាត្រូវការអ្នកបើកបរ៣នាក់ និងដឹកទ័ពបាន៩នាក់។ វាអាចរត់លើផ្លូវថ្នល់បានក្នុងល្បឿនអតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង, វាក៏អាចរត់លើទឹកបាន១២គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយរហូតដល់៨០០គីឡូម៉ែត្រឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ វាមានពាសដែកការពារគ្រាប់កម្រិត៧,៦២ x ៣៩មិលីម៉ែត្រ, បំពាក់ប្រព័ន្ធស្វែងរក និងការពារសារធាតុគីមី-វិទ្យុសកម្ម, ប្រព័ន្ធព្រមានកាំរស្មីឡាស៊ែរ, ប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិ និងឧបករណ៍បាញ់គ្រាប់បែកផ្សែង។

ទី៤.កាំភ្លើងស៊ីប SBT7MK4 ឬ Sniper៖ ផលិតដោយអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាម។ កាំភ្លើងនេះ មានទម្ងន់៤,៣គីឡូក្រាម, ប្រវែង១,១៦ម៉ែត្រ, ប្រើប្រាស់គ្រាប់ទំហំ៧,៦២មិលីម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានយ៉ាងមានប្រសិទ្ធភាពក្នុងរយៈចម្ងាយ៤៦០ម៉ែត្រ និងអាចផ្ទុកបាន១០គ្រាប់នៅក្នុងបង់ ហើយវាក៏អាចបំពាក់កែវយឹតបានច្រើនប្រភេទផងដែរ។ ទី៥.ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-125-VT៖ មែនទែនទៅ វាត្រូវបានធ្វើទំនើបកម្មពេញលេញបំផុតចេញពីប្រព័ន្ធមីស៊ីល S-125 Pechora របស់អតីតសហភាពសូវៀត។ វាត្រូវបានរចនាឡើងដើម្បីកម្ទេចរាល់ការវាយប្រហារតាមអាកាស ជាពិសេស គោលដៅហោះហើរទាបៗ និងមានទំហំតូច។ លើសពីនេះ វាក៏អាចកម្ទេចគោលដៅលើដីគោក និងលើផ្ទៃទឹកបានផងដែរ។ សូមជម្រាបថា វាមានសមត្ថភាពប្រយុទ្ធមិនធម្មតាទេ។ មិនធម្មតា ក៏នៅត្រង់ថា វាអាចកម្ទេចគោលដៅចំនួន២ក្នុងពេលតែមួយ ហើយវាអាចហោះទៅកម្ទេចគោលដៅបានចម្ងាយ៣០គីឡូម៉ែត្រ ដោយភាគរយជោគជ័យក្នុងការកម្ទេចយន្តហោះចម្បាំងយុទ្ធសាស្ត្រ គឺមានរហូតដល់ទៅ៩០ភាគរយឯណោះ។

ទី៦.ប្រព័ន្ធកាំភ្លើងធំស្វ័យចល័ត PTH-01៖ ផលិតដោយអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាមផ្ទាល់ ប្រព័ន្ធកាំភ្លើងធំនេះ មានរូបរាងស្រដៀងទៅហ្នឹងរថក្រោះដែរ ដោយមានទម្ងន់ប្រហែល១៦តោន ប្រើម៉ាស៊ីនម៉ាស៊ូត៣០០សេះ។ អ្វីដែលពិសេសបំផុតនោះ គឺវាមានប្រព័ន្ធជំរុញថាមពលអណ្ដែតលើទឹក។ វារត់ឡើងចំណោតចោទ ឆ្លងកាត់រណ្ដៅដីធំៗ និងជញ្ជាំងខ្ពស់ៗបានយ៉ាងងាយស្រួល។ ប្រព័ន្ធកាំភ្លើងធំស្វ័យចល័ត PTH-01 ត្រូវបានបំពាក់កាំភ្លើងធំខ្នាត១២២មិល្លីម៉ែត្រ អាចផ្ទុកគ្រាប់បានច្រើន និងមានអត្រាបាញ់លឿន។ ក្រៅពីនេះ ក៏មានប្រព័ន្ធការពារសារធាតុគីមី និងប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកបើកបរនៅក្នុងរថក្រោះផងដែរ។

ទី៧.រថក្រោះធុនស្រាល T-1៖ ផលិតដោយរោងចក្រ Z125។ រថក្រោះនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធរុញច្រានដោយកម្លាំងទឹក (ឬ Water-jet) សម្រាប់ការបើកបរលើទឹក និងមានសមត្ថភាពធ្វើដំណើរលើទឹកបានចម្ងាយ១០០គីឡូម៉ែត្រ។ សមត្ថភាពទាំងនេះ អាចអនុញ្ញាតឱ្យវាប្រតិបត្តិការជាក់ស្តែង កាត់តាមវាលស្រែ តំបន់ដីសណ្ដទន្លេ ផ្លូវទឹកតាមឆ្នេរ និងភូមិសាស្ត្រតំបន់ឆ្នេរ។ អ្វីដែលកាន់តែពិសេសនោះគឺ..វាត្រូវបានបំពាក់កាណុងកាំភ្លើងទំហំ៧៦មិល្លីម៉ែត្រ មានប្រព័ន្ធទប់លំនឹង និងអាចបាញ់បាននៅពេលកំពុងអណ្ដែតលើផ្ទៃទឹក រួមផ្សំជាមួយនឹងការបំពាក់កាំភ្លើងយន្តបន្ថែមទំហំ១២,៧មិល្លីម៉ែត្រ។ វាត្រូវបានបំពាក់ដោយពាសដែកការពារ និងប្រព័ន្ធការពារសកម្ម ដែលផ្តល់ឱ្យកងទ័ពជើងគោកវៀតណាម នូវសមត្ថភាពដ៏គួរឱ្យទុកចិត្តក្នុងការទប់ទល់នឹងការវាយលុកតាមផ្លូវទឹក ភក់ល្បាប់ ដីសណ្ដ និងការឆ្លងកាត់ទន្លេ។ គួរបញ្ជាក់ថា រថក្រោះនេះ ថែមទាំងមានសមត្ថភាពអាចបញ្ចូលគ្រាប់ដោយស្វ័យប្រវត្តិបានថែមទៀតផង។ ក្រោយពីបានស្តាប់ និងទស្សនាហើយ លោកអ្នកយល់យ៉ាងណា ជុំវិញការធ្វើទំនើបកម្មលើវិស័យយោធារបស់វៀតណាមនេះ?..៕





