វៀតណាមកើបលុយជិត៣៦ពាន់លានដុល្លារ ពីការនាំចេញកសិ-ជលផល ត្រឹមពាក់កណ្តាលឆ្នាំ២០២៦
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប្រកាសរបាយការណ៍បូកសរុប ​នៅថ្ងៃទី២កក្កដានេះថា ទំហំនៃការនាំចេញផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសវៀតណាម សម្រេចបាននូវទឹកប្រាក់រហូតដល់ទៅ ៣៥,៨៨ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦នេះ ពោលគឺមានការកើនឡើង៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន....។

នៅក្នុងចំណោមទំហំនាំចេញសរុបក្នុងរយៈពេល៦ខែនេះ ផលិតផលកសិកម្មរកចំណូលបាន១៨,៥៩ពាន់លានដុល្លារ, ផលិតផលជលផល៥,៧ពាន់លានដុល្លារ, ផលិតផលរុក្ខាប្រមាញ់៩,២ពាន់លានដុល្លារ និងផលិតផលចិញ្ចឹមសត្វសម្រេចបាន៣៧៥,៨លានដុល្លារ។ ក្នុងចំណោមមុខទំនិញនាំចេញទាំងអស់ ផលិតផលឈើ និងគ្រឿងសង្ហារឹមឈើ នៅតែជាប្រភពរកចំណូលបានច្រើនជាងគេបង្អស់ តាមពីក្រោយដោយកាហ្វេ ខណៈមុខទំនិញសក្តានុពលផ្សេងទៀតដូចជា ផ្លែឈើ បន្លែ និងម្រេច សុទ្ធតែបង្ហាញពីកំណើនលក់ដាច់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

ដោយឡែក សម្រាប់ទីផ្សារនាំចេញវិញ តំបន់អាស៊ីនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ដោយក្តោបក្តាប់ទំហំនាំចេញជិតពាក់កណ្តាលនៃទិន្នន័យសរុប តាមពីក្រោយដោយតំបន់អាម៉េរិក និងអឺរ៉ុប។ ទន្ទឹមនោះ ប្រទេសចិននៅតែរក្សាតំណែងជាទីផ្សារបញ្ជាទិញធំជាងគេបង្អស់របស់វៀតណាម ដោយមានការកើនឡើងយ៉ាងគំហុកលើការទិញផ្លែឈើ បន្លែ និងអង្ករ ខណៈសហរដ្ឋអាម៉េរិកឈរនៅចំណាត់ថ្នាក់លេខពីរ។ ចំពោះមុខទំនិញយុទ្ធសាស្ត្រពីរគឺ អង្ករ និងកាហ្វេ បើទោះបីជាវៀតណាមអាចជំរុញបរិមាណនៃការនាំចេញទៅក្រៅប្រទេសបានច្រើនជាងមុនក៏ពិតមែន ប៉ុន្តែដោយសារតែតម្លៃមធ្យមនៅលើទីផ្សារសកលមានការដាំក្បាលចុះខ្លាំង បានធ្វើឱ្យទឹកប្រាក់ចំណូលសរុបដែលទទួលបានពីការលក់អង្ករ និងកាហ្វេមានការថយចុះទៅវិញ បើធៀបនឹងឆ្នាំចាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត