ព្យុះភ្លោះឡោមព័ទ្ធជប៉ុន៖ ជើងហោះហើរជាង១០០ត្រូវលុបចោលជាបន្ទាន់ ឯរោងចក្ររថយន្តខ្នាតយក្សត្រូវផ្អាកដំណើរការ
N
Nary Vann
13 ម៉ោងមុន

រាជធានីតូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ប្រទេសជប៉ុន បានប្រកាសលុបចោលជើងហោះហើរដល់ទៅជាង១០០ជើងភ្លាមៗ នៅថ្ងៃសុក្រទី២៦មិថុនានេះ ដោយសារកំពុងរងការវាយលុកយ៉ាងខ្លាំងក្លាពីខ្យល់ព្យុះត្រូពិកចំនួនពីរក្នុងពេលតែមួយ។ ជាមួយគ្នា អាជ្ញាធរចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនជាបន្ទាន់ ដោយសារខ្លាចក្រែងមានគ្រោះទឹកជំនន់ និងការបាក់ដី។

យោងតាមក្រុមអ្នកជំនាញព្យាករណ៍អាកាសធាតុ ព្យុះត្រូពិកកម្រិតធ្ងន់ឈ្មោះ មេខាឡា (Mekkhala) បាននាំមកនូវកម្លាំងខ្យល់បោកបក់ខ្លាំងរហូតដល់១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានជះឥទ្ធិពលធ្វើឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងត្បូង និងខាងលិចប្រទេសជប៉ុន។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺព្យុះមេខាឡានេះ ត្រូវបានគេព្យាករថា នឹងបោកបក់កាត់កោះចំនួនពីររបស់ជប៉ុន ហើយអាចនឹងទៅជួបគ្នា បូករួមបញ្ចូលកម្លាំងជាមួយព្យុះត្រូពិកមួយទៀតឈ្មោះ ហ៊ីហ្កូស (Higos) ដែលកំពុងវិលវល់នៅភាគខាងក្រៅមហាសមុទ្រប៉ាស៊ីហ្វិក។

ការជួបគ្នានៃព្យុះទាំងពីរនេះ អាចនឹងបង្កើតឱ្យមានបាតុភូតមួយហៅថា «Fujiwhara effect» ដែលកើតឡើងនៅពេលព្យុះពីរមានគន្លងធ្វើដំណើរមកក្បែរគ្នា រួចចាប់ផ្តើមវិលជុំវិញគ្នាទៅវិញទៅមក បង្កើតជាសម្ពាធវឹកវរ។ មហន្តរាយធម្មជាតិនេះបានបង្ខំឱ្យក្រុមហ៊ុន Japan Airlines សម្រេចលុបចោលជើងហោះហើរចំនួន៧០ជើង និងក្រុមហ៊ុន All Nippon Airways សម្រេចលុបចោលជើងហោះហើរចំនួន៥០ជើង។

ជាមួយគ្នានេះ អាជ្ញាធររាជធានីក្យូតូ (Kyoto) និងអាជ្ញាធរទីក្រុងអូសាកា (Osaka) បានប្រកាសអាសន្នឱ្យពលរដ្ឋរាប់ពាន់នាក់ត្រៀមជម្លៀសខ្លួន ព្រោះកម្រិតទឹកទន្លេធំៗបានហក់ឡើងខ្លាំង។ ឥទ្ធិពលព្យុះក៏បានដេញជើងគ្នាធ្វើឱ្យក្រុមហ៊ុនរថយន្តខ្នាតយក្ស Toyota និង Nissan ប្រកាសផ្អាកខ្សែច្រវាក់ផលិតកម្មនៅរោងចក្ររបស់ខ្លួនមួយចំនួន។ ចំណែក យន្តហោះដឹកជញ្ជូនយោធា V-22 Osprey ដែលត្រូវហោះហើរសាកល្បងលើកដំបូង ក៏ត្រូវលុបចោលផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត