
ក្រុងសែនមនោរម្យ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ត្រូវអនុវត្តតាមច្បាប់ ដោយស្តារបរិស្ថានឡើងវិញ ស្របតាមបទដ្ឋានបរិស្ថាន...។

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១១មិថុនា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី១០មិថុនា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន មានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថានក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបានរកឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្មរុករករ៉ែរបស់ក្រសួងរ៉ែ និងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។ យ៉ាងណា ក្រុមហ៊ុននេះ ក៏កំពុងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។

យ៉ាងណាក៏ដោយ មន្រ្តីជំនាញក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនខាងលើ ធ្វើការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីស្របនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានត្រឹមត្រូវ ក្រសួង ក៏បានជំរុញឱ្យក្រុមហ៊ុនតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀបចំផែនការស្តារបរិស្ថាននៅមុនពេលបញ្ចប់អាជីវកម្មឱ្យស្របតាមការតម្រូវ ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឱកាសចុះពិនិត្យ ក្រុមការងារក្រសួង បានយកសំណាកទឹកចំនួន១ និងសំណាកដីចំនួន២ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃសម្រាប់ការស្ដារបរិស្ថានឡើងវិញ។ ក្រសួងបរិស្ថាន បាននិងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕




