កិត្តិយសណាស់ កម្ពុជាជាប់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើលោក
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក ក្នុងឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន…។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់គេហទំព័រ U.S. News & World Report បង្ហាញថា កម្ពុជា ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អជាងគេបំផុតនៅលើពិភពលោក។ ដូចគ្នា ប្រទេសកម្ពុជា ក៏ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា នេះជាកិត្តិយសណាស់ ចំពោះភាពជោគជ័យរបស់ប្រជាជន និងប្រទេសកម្ពុជា លើវិស័យបរិស្ថាន និងធនធានធម្មជាតិលើឆាកអន្តរជាតិ។ របាយការណ៍ខាងលើ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្ថែមថា ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អជាងគេបំផុតនៅលើលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូល ដែលបានដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាល។ ប្រទេសកម្ពុជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង៧លានហិកតា (ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេស) ជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត អះអាងថា ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា និងបានជំរុញសកម្មភាពបណ្ដុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំបាន យ៉ាងតិច១លានដើម ដែលមិនត្រឹមតែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជាប្រទេសអព្យាក្រិតកាបូន នៅឆ្នាំ២០៥០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត