ក្រសួងបរិស្ថានផ្អាករោងចក្រ២ ដោយសារលួចបង្ហូរទឹកស្អុយ ហើយថែមទាំងព្រហើនហ៊ានរារាំងមន្ត្រីមិនឱ្យចូលត្រួតពិនិត្យ
អុន សម្ផស្ស
09 ឧសភា 2026 10:01 AM

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចបិទរោងចក្រ២ជាបណ្តោះអាសន្ន ដោយសាររារាំងមិនឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យករណីសង្ស័យប្រព្រឹត្តបទល្មើសបង្ហូរសំណល់មានក្លិនស្អុយ ចូលប្រឡាយទឹកសាធារណៈ។ រោងចក្រទាំង២នោះ គឺ មួយ ជារោងចក្រផលិតដំណាប់ស្វាយ ដែលមិនមានឈ្មោះ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងមួយទៀត ជារោងចក្របោកគក់ឈ្មោះ Kniteracy (នីថឺរ៉ាស៊ី) Asia Company Limited Garment, Knitting (នីតធីង) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។    

ក្រសួងបរិស្ថាន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៦នេះ ថា សមត្ថកិច្ច ត្រូវបានរារាំង​មិនឱ្យចុះត្រួតពិនិត្យ​នៅក្នុងទីតាំងរោងចក្រទាំង២នេះឡើយ។ ចំពោះមុខបញ្ហានេះ ក្រសួងសម្រេចបិទដំណើរការរោងចក្រទាំង២នេះជាបណ្តោះអាសន្ន ទៅតាមក្រមបរិស្ថាន និងបទដ្ឋានគតិយុត្ត។ 

សូមជម្រាបថា ក្នុងរយៈពេល៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជាង២៨លានម៉ែត្រគុប នៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា ដើម្បីការពារប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ។ ទន្ទឹមគ្នា ក៏មានក្រុមហ៊ុន និងរោងចក្រសហគ្រាសចំនួន៥៩ទីតាំង បានចូលរួមអនុវត្តច្បាប់ និងបំពាក់ឧបករណ៍ត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្មរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត