ក្រសួងបរិស្ថាន ត្រៀមចែកកូនត្នោត និងកូនឈើចម្រុះប្រមាណ៥លានដើម ជូនពលរដ្ឋដាំក្នុងរដូវវស្សា
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរដូវវស្សានេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចម្រុះសរុបប្រមាណ៥លានដើម ជូនពលរដ្ឋយកទៅដាំនៅទូទាំងប្រទេស…។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣កក្កដាខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំយុទ្ធនាការ «ពន្លកបៃតង» ដោយនឹងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នៅរដូវវស្សាឆ្នាំ​២០២៦នេះ ក្រសួងមានគម្រោងចែកកូនឈើចំនួន៥លានដើម ក្នុងនោះ មានកូនត្នោត១,៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម តាមទីតាំងសាធារណៈផ្សេងៗ និងដាំស្តារព្រៃសហគមន៍នៅទូទាំងប្រទេស។

ការរៀបចំកម្មវិធី «ពន្លកបៃតង» ពីសំណាក់ក្រសួងបរិស្ថាន តបតាមប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបណ្ដុះ និងចែកកូនឈើ ជូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ សម្រាប់យកទៅដាំ ពង្រីកគម្របបៃតងនៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងបានបណ្ដុះកូនឈើរាប់លានដើមរួចរាល់ហើយ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទាំង៥ ក្នុងខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ លើសពីនេះ ប្រជាពលរដ្ឋអាចទទួលបានកូនឈើតាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស និងនៅតាមថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទាំង៥បន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត