ក្រសួងជ្រើសរើសបេក្ខជន២ពាន់នាក់ ទៅធ្វើការផ្នែកសិកម្មនៅអ៊ីស្រាអែល, ប្រាក់ខែជាង២ពាន់ដុល្លារ តែត្រូវបង់ជិត៤ពាន់ដុល្លារជាមុនសិន
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជ្រើសរើសបេក្ខជន២ពាន់នាក់ ទៅធ្វើការផ្នែកសិកម្មនៅអ៊ីស្រាអែល ប្រាក់ខែអាចបានដល់២១០០ដុល្លារអាម៉េរិក។

ក្រសួងការងារ គូសបញ្ជាក់ថា និយោជកនៅអ៊ីស្រាអែល គឺជាអ្នកជួលបេក្ខជនឱ្យធ្វើការ ហើយនិយោជកទទួលខុសត្រូវចំពោះប្រាក់ឈ្នួល និងលក្ខខណ្ឌការងារផ្សេងៗរបស់បេក្ខជន។ ប្រាក់ឈ្នួលប្រចាំខែនៅអ៊ីស្រាអែល គឺប្រមាណជា២១០០ដុល្លារអាម៉េរិក តែអាចប្រែប្រួលតាមអត្រាប្តូរប្រាក់ជាក់ស្តែង និងតម្រូវឱ្យមានការកាត់ប្រាក់ឈ្នួលជាកាតព្វកិច្ចតាមច្បាប់ដូចជា ថ្លៃធានារ៉ាប់រងសុខភាព ទីកន្លែងស្នាក់នៅ និងថ្លៃទឹកភ្លើង ពន្ធលើប្រាក់ចំណូល និងធានារ៉ាប់រងផ្សេងៗ។ ក្រសួងការងារបន្ថែមថា យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋអ៊ីស្រាអែល បេក្ខជនម្នាក់ៗ ត្រូវចំណាយសរុបទាំងអស់ប្រមាណ៣៨០០ដុល្លារអាម៉េរិក លើសំណុំឯកសារចាំបាច់ ការបណ្តុះបណ្តាល សំបុត្រយន្តហោះ សេវារដ្ឋបាល និងសេវាថែទាំ ដែលត្រូវបង់ទៅឱ្យទីភ្នាក់ងារជ្រើសរើសនៅរដ្ឋអ៊ីស្រាអែល។ រយៈពេលធ្វើការងារមានចំនួន៦៣ខែ ឬជាង៥ឆ្នាំ។ សូមជម្រាបថា តំបន់មជ្ឈិមបូព៌ាពេលនេះ កំពុងមានសង្គ្រាម ហើយអ៊ីស្រាអែល ក៏ជាតួអង្គមួយស្ថិតក្នុងសង្គ្រាមនេះដែរ។

កាលបរិច្ឆេទមកយកពាក្យ ចាប់ពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ ជាមួយគ្នា បេក្ខជនត្រូវមកទទួលពាក្យដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ចំណែកថ្ងៃត្រូវទទួលពាក្យវិញ ចាប់ពីថ្ងៃទី២៧កក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងមកប្រព័ន្ធ Hotline លេខ១២៩៧ ឬតេឡេក្រាម ដែលមាន QR Code  ក្នុងក្រដាសសេចក្តីជូនដំណឹង ឬតាមរយៈទូរសព្ទលេខ ០៧០ ៣១៣ ៥០៥ / ០៨៩ ៩៥៧ ៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ។ គួរជ្រាបថា បេក្ខជនដែលបានដាក់ពាក្យទាំងអស់ នឹងមិនប្រាកដថាអាចទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលទេ ដោយរដ្ឋអ៊ីស្រាអែល នឹងជ្រើសរើសបេក្ខជនយ៉ាងច្រើនបំផុតចំនួន៧៥ភាគរយ នៃបេក្ខជនបានសម្ភាសជាប់តែប៉ុណ្ណោះ។ សូមជម្រាបថា ការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅរដ្ឋអ៊ីស្រាអែល ក្នុងវិស័យកសិកម្មគឺជាយន្តការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត