
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសបើក«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» រយៈពេល៣ថ្ងៃ ដើម្បីលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍មិត្តភាពសម្រាប់អ្នកដំណើរមូស្លីម។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានចូលរួមប្រកាសបើកវេទិកានេះ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ មានគោលបំណងផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ព្រមទាំងបង្កើនការយល់ដឹងអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីមក្នុងងយុគសម័យឌីជីថល។ ក្រសួងទេសចរណ៍ រំពឹងថា៖«[វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦] នឹងទាក់ទាញអ្នកចូលរួម និងភ្ញៀវទស្សនាច្រើនជាងឆ្នាំមុនៗ»។ ក្រសួងចាត់ទុក ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញសក្តានុពលទីផ្សារទេសចរមូស្លីម ដែលកំពុងមានកំណើនជាបន្តបន្ទាប់។

របាយការណ៍ Global Muslim Travel Index ឆ្នាំ២០២៤ បង្ហាញថា ចំនួនទេសចរមូស្លីម ដែលធ្វើដំណើរទូទាំងពិភពលោកមានប្រមាណ១៧៦លាននាក់ ហើយត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ២៤៥លាននាក់នៅឆ្នាំ២០៣០ ជាមួយការចំណាយសរុបប្រមាណ៣០៥ពាន់លានដុល្លារអាម៉េរិក។ សូមរំឭថា វេទិកាទេសចរណ៍មូស្លីមកម្ពុជា ត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ និងស្តង់ចំនួន២០។ នៅឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះ ត្រូវបានពង្រីកទៅជា «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា» រយៈពេល៣ថ្ងៃដោយមានស្តង់ជិត១០០ និងទាក់ទាញអ្នកទស្សនាប្រមាណ១,៥ម៉ឹននាក់។ មិនខុសពីឆ្នាំមុនៗ ក្នុងឆ្នាំ២០២៦នេះ ក្រសួងបានរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីមប្រមាណ១០០ស្តង់ ដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍ រយៈពេល៣ថ្ងៃ នៅវិមានអាហារ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ៕













