
រាជធានីបាងកក៖ នាយប់កណ្តាលអធ្រាត្រថ្ងៃពុធ ទី៨ ខែកែក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) រួមជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានចុះពិនិត្យការដ្ឋានសំណង់រថភ្លើងក្រោមដីខ្សែពណ៌ស្វាយ ឬ Purple Line ជាបន្ទាន់ ក្នុងរាជធានីបាងកក ក្រោយពីមានករណីធ្លាយទឹកចូលក្នុងរូងក្រោមដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

ទីតាំងកើតហេតុនេះ មានតម្លៃដេញថ្លៃជាង៤៣០លានដុល្លារអាម៉េរិក ទទួលការសាងសង់ដោយក្រុមហ៊ុន Unique Engineering and Construction Public Company Limited។ សកម្មភាពបច្ចុប្បន្ន រួមមានការជីករូងក្រោមដី និងការសាងសង់ជញ្ជាំងទប់ដី។ អាជ្ញាធររថភ្លើងដឹកជញ្ជូននៃប្រទេសថៃ និងក្រុមហ៊ុនម៉ៅការ បានចាត់វិធានការភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍។ លោក អនុទីន បានបញ្ជាក់ថា ស្ថានភាពនេះ មិនទាន់ឈានដល់កម្រិត ដែលត្រូវបិទផ្លូវសាធារណៈឡើយ ហើយមន្ត្រីជំនាញកំពុងធ្វើការលើរឿងនេះ។

ជាមួយគ្នា អាជ្ញាធរបានដំឡើងឧបករណ៍វាស់ស្ទង់ការរំកិល ឬការប្រែប្រួលនៃអគារ និងសំណង់នៅក្បែរៗនោះ។ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ផាត់ថារ៉ាភុង ផាត់ត្រាប្រាស៊ីត (Phattharaphong Phatraprasit) បានបង្គាប់ឱ្យអាជ្ញាធររថភ្លើងដឹកជញ្ជូននៃប្រទេសថៃ និងក្រុមហ៊ុនអ្នកម៉ៅការ បន្តតាមដានយ៉ាងដិតដល់ វាយតម្លៃបច្ចេកទេសឱ្យបានពេញលេញ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងជួសជុលជាបន្ទាន់ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធរូងក្រោមដី សុវត្ថិភាពសាធារណៈ និងកាលវិភាគសាងសង់៕



