
រាជធានីបាងកក៖ កងទ័ពជើងគោកថៃ បានប្រកាសអាសន្ន និងព្រមានដាច់អហង្កា អំពីការបាញ់តបតវិញភ្លាមៗ បន្ទាប់ពីសមរភូមិប្រយុទ្ធយ៉ាងសាហាវនៅត្រើយម្ខាងនៃប្រទេសភូមា ឬមីយ៉ាន់ម៉ា បន្ទាប់ពីគ្រាប់កាំភ្លើងយន្ត និងគ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ ហោះឆ្លងកាត់ព្រំដែនមកធ្លាក់ចំផ្ទះសម្បែងប្រជាពលរដ្ឋថៃ ចំនួន៣ខ្នង នៅក្នុងស្រុកម៉ែសូត ខេត្តតាក កាលពីយប់មិញ...។

ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-ភូមា បានឡើងកម្ដៅខ្លាំង ក្រោយកងទ័ពរដ្ឋាភិបាលភូមា បើកការវាយប្រហារបាញ់ស្រោចអាវុធធុនធ្ងន់ដាក់គ្នា ជាមួយកងទ័ពចលនាតស៊ូបំបែករដ្ឋការ៉ែន និងកម្លាំងការពារប្រជាជន ដើម្បីដណ្តើមគ្រប់គ្រងមូលដ្ឋានយុទ្ធសាស្ត្រ។ សំឡេងផ្ទុះអាវុធខ្នាត៦០មីលីម៉ែត្រ និង៩០មីលីម៉ែត្រ បានលាន់ឮរំពងកណ្តាលរាត្រីមកដល់ទឹកដីថៃ ហើយគ្រាប់កាំភ្លើងត្បាល់ជាច្រើន បានហោះមកធ្លាក់បុកទម្លុះជញ្ជាំងផ្ទះរបស់អ្នកភូមិ និងបរិវេណផ្ទះរបស់អតីតមេភូមិថៃ បង្ខំឱ្យប្រជាពលរដ្ឋរត់រកទីជម្រកសុវត្ថិភាពទាំងភ័យរន្ធត់ និងមិនបានដេកពួនពេញមួយយប់។

ជាការឆ្លើយតប កងកម្លាំងពិសេសចម្រុះនរ៉េសូរ្យ និងរាជម៉ានូ របស់យោធាថៃ បានបញ្ជូនរថពាសដែកបំពាក់កាំភ្លើងយន្ត និងកងទ័ពថ្មើរជើងចុះទៅកាន់ភូមិសាស្ត្ររងគ្រោះភ្លាមៗ។ មេបញ្ជាការកងទ័ពថៃប្រចាំតំបន់ព្រំដែន បានបញ្ជាក់ថា កងកម្លាំងបានត្រៀមលក្ខណៈបាញ់តតាំងត្រឡប់ទៅវិញហើយ ដោយអនុវត្តតាមវិធានការ ការទូតយោធាពីស្រាលទៅធ្ងន់ ដោយចាប់ផ្តើមពីការបាញ់គ្រាប់ព្រមាន ប្រសិនបើនៅតែមានគ្រាប់រំសេវពីភាគីជម្លោះភូមា ហោះមកធ្លាក់បង្កគ្រោះថ្នាក់លើដីថៃបន្តទៀត ព្រមទាំងបានប្រកាសហាមដាច់ខាត មិនឱ្យពលរដ្ឋធ្វើដំណើរជិតខ្សែបន្ទាត់ព្រំដែនឡើយ៕




