សកម្មជនថៃដាក់ញត្តិតវ៉ាទៅប្រធានាធិបតីចិន ទាមទារឱ្យដោះស្រាយវិបត្តិបំពុលទន្លេមេគង្គ
N
Nary Vann
16 ម៉ោងមុន

រាជធា​នីបាងកក៖ ក្រុមសកម្មជនបរិស្ថាន និងសង្គមស៊ីវិលថៃ បានហែក្បួនតវ៉ា នៅខាងក្រៅស្ថានកុងស៊ុលចិន ប្រចាំខេត្តឈៀងម៉ៃ ​និងដាក់ញត្តិតវ៉ាផ្លូវការ ផ្ញើជូនលោកប្រធានាធិបតីចិន ស៊ី ជិនពីង ទាមទារឱ្យរដ្ឋាភិបាលប៉េកាំង ចេញមុខដោះស្រាយវិបត្តិបង្ហូរជាតិពុលពីតំបន់រ៉ែរបស់ចិននៅក្នុងប្រទេសភូមា ចូលទៅក្នុងទន្លេឆ្លងដែននៅភាគខាងជើងប្រទេសថៃ...។

មូលហេតុចម្បងនៃការចេញមុខធ្វើបាតុកម្មទាមទារនេះ គឺដោយសារតែការលេចធ្លាយសារធាតុពុលដូចជា សំណ (Lead) កាត់ម្យូម (Cadmium) និងបារត (Mercury) ពីតំបន់រ៉ែក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា បានបំផ្លាញដីស្រែចម្ការរបស់ប្រជាពលរដ្ឋថៃអស់ជាង១៧៦០០ហិកតា ព្រមទាំងបានជ្រៀតចូលទៅក្នុងសាច់សត្វរស់ក្នុងទឹកគ្រប់ប្រភេទ រហូតដល់ក្រសួងសុខាភិបាលសាធារណៈថៃ ត្រូវចេញសេចក្តីប្រកាសអាសន្ន ហាមប្រាមប្រជាជនមិនឱ្យបរិភោគត្រី​ និងសត្វក្នុងទឹកពីទន្លេទាំងនោះឡើយ។ លើសពីនេះ វិបត្តិទឹកកខ្វក់នេះ បានវាយប្រហារយ៉ាងដំណំលើវិស័យនេសាទក្នុងស្រុក វិស័យទេសចរណ៍ និងបានដាក់សម្ពាធសុខភាពលើប្រជាពលរដ្ឋនៅក្នុងខេត្តឈៀងរ៉ៃ ជាង១២ម៉ឺននាក់ ដែលកំពុងប្រឈមហានិភ័យខ្ពស់ពីការប្រើប្រាស់ទឹកគីមីនេះ ធ្វើជាទឹកបរិភោគប្រចាំថ្ងៃ។ ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា មានការប៉ះទង្គិចគ្នារវាងបាតុករ និងសមត្ថកិច្ចអំឡុងពេលតវ៉ា បណ្ដាលឱ្យមនុស្ស២នាក់រងរបួសផងដែរ។

នៅក្នុងខ្លឹមសារនៃញត្តិទាមទារ ភាគីថៃបានបង្គាប់ឱ្យរាជរដ្ឋាភិបាលចិន បង្ហាញភាពស្មោះត្រង់ តាមរយៈបើកការស៊ើបអង្កេត និងចាត់វិធានការច្បាប់តឹងរ៉ឹងលើក្រុមវិនិយោគិនចិន ដែលបង្កការបំពុលឆ្លងដែន ព្រមទាំងស៊ើបប្រភពរ៉ែដែលនាំចូលពីភូមាទៅចិន។ បន្ថែមលើនេះ ពួកគេបានស្នើឱ្យអាជ្ញាធរចិន ចុះពិនិត្យទីតាំងរ៉ែផ្ទាល់នៅក្នុងប្រទេសភូមាជាមួយភាគីថៃ ដើម្បីធានាឱ្យបាននូវស្ដង់ដារបរិស្ថានអន្តរជាតិ និងបង្កើតផែនការសកម្មភាពច្បាស់លាស់មួយ ក្រោមយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ដើម្បីស្តារប្រភពទឹកឡើងវិញ និងផ្តល់សំណងបន្ទាន់ ដល់ប្រជាពលរដ្ឋរាប់លាននាក់ដែលរងគ្រោះអន្តរាយពីវិបត្តិនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត