
មជ្ឈិមបូព៌ា៖ នៅថ្ងៃទី៩កក្កដានេះ កងទ័ពសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារថ្មីៗជាបន្តបន្ទាប់ទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបើកច្រកសមុទ្ទហ័រមូស្សឡើងវិញសម្រាប់ធ្វើនាវាចរណ៍។ យ៉ាងណា ការវាយប្រហារនេះ បានធ្វើឱ្យអ៊ីរ៉ង់ក្ដៅស្លឹកត្រចៀក បើកការវាយបកវិញភ្លាមៗដោយប្រើមីស៊ីល និងហ្វូងដ្រូន សំដៅទៅប្រទេសគុយវ៉ែត និងបារ៉ែន ដើម្បីបើកការវាយប្រហារមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក...។

ការកើនឡើងនៃកម្តៅយោធាចុងក្រោយនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម និងកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន ត្រូវដាច់ខ្យល់ត្រឹមរយៈពេលខ្លី។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក (ឬ CENTCOM) បានបញ្ជាក់ថា នេះជាការសងសឹកចំពោះការដែលអ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកទំនិញចំនួន ៣គ្រឿង កាលពីពេលថ្មីកន្លងទៅ ទន្ទឹមនឹង លោក ដូណាល់ ត្រាំ បានសរសេរបែបព្រមានលើបណ្តាញសង្គម Truth Social ថា៖«បើវាកើតឡើងម្ដងទៀត វានឹងកាន់តែអាក្រក់ជាងនេះ!»។ សូមជម្រាបថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក បានធ្វើឡើងនៅតាមបណ្តោយឆ្នេរសមុទ្ទភាគខាងត្បូងរបស់អ៊ីរ៉ង់ រួមមាន ទីក្រុងបានដារ អាបាស (Bandar Abbas) ជាកំពង់ផែធំជាងគេ និងជាមូលដ្ឋានទ័ពជើងទឹកដ៏សំខានរបស់អាម៉េរិក ព្រមទាំងទីក្រុងកូណារ៉ាក់(Konarak) និងទីក្រុងចាបាហារ(Chabahar)។

ការវាយប្រហារនេះ បានធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន បំផ្លាញប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវទឹក និងបានផ្តាច់ជីវិតអ្នកពន្លត់អគ្គិភ័យម្នាក់នៅព្រលានយន្តហោះក្នុងទីក្រុងអ៊ីរ៉ង់សាហ៍(Iranshahr) ព្រមទាំងបំផ្លិចបំផ្លាញស្ពានរថភ្លើងមួយនៅភាគខាងជើងអុីរ៉ង់ផងដែរ។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងហ្វូងដ្រូនសម្រុកចូលប្រទេសគុយវ៉ែត និងបារ៉ែន។ ក្រសួងការពារជាតិគុយវ៉ែតបានប្រកាសថា ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងនោះ ខណៈប្រទេសកាតាបានប្រកាសអាសន្នពីការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់មួយរយៈពេលខ្លី មុនពេលដកការព្រមានវិញ។

ប្រធានសភាអ៊ីរ៉ង់ លោក មហាម៉ាត់ បាកឺ កាលីបាហ្វ បានថ្លែងថា៖«បើអ្នកវាយយើង យើងនឹងវាយបកទៅវិញ។ ច្រកសមុទ្ទហ័រមូស្សនឹងត្រូវបើកឡើងវិញ ក្រោមការរៀបចំរបស់អ៊ីរ៉ង់ប៉ុណ្ណោះ មិនមែនតាមរយៈការគំរាមកំហែងរបស់អាម៉េរិកឡើយ»។ អ៊ីរ៉ង់ក៏បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទប្រកាន់អាម៉េរិកថា រំលោភលើច្បាប់អន្តរជាតិ ទន្ទឹមគ្នា មន្ត្រីអ៊ីរ៉ង់បានលើកឡើងថា រដ្ឋធានីតេហេរ៉ង់ ពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT), ផ្លាស់ប្ដូរគោលនយោបាយនុយក្លេអ៊ែរ និងអាចឈានទៅដល់ការបិទច្រកសមុទ្ទ Bab-el-Mandeb នៅសមុទ្ទក្រហមថែមទៀតផង៕




