លោក ត្រាំ គំរាមទម្លាក់គ្រា.ប់បែ.កកម្ទេចអ៊ីរ៉ង់ឱ្យកាន់តែខ្លាំងទ្វេដង បើហ៊ានប៉ះពាល់នាវាពាណិជ្ជកម្មតាមច្រកហ័រមូស្ស
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨កក្កដា បានបង្ហោះសារព្រមានខ្លាំងៗនៅលើបណ្តាញសង្គមថា អាម៉េរិកនឹងបង្កើនការទម្លាក់គ្រាប់បែកវាយប្រហារលើប្រទេសអ៊ីរ៉ង់ឱ្យកាន់តែខ្លាំងក្លាជាងមុនទ្វេដង ប្រសិនបើរដ្ឋធានីតេហេរ៉ង់នៅតែបន្តសកម្មភាពយាយី និងវាយប្រហារលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស្ស។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ បានសរសេររៀបរាប់អមដោយរូបភាពនៃការទម្លាក់គ្រាប់បែកយ៉ាងសន្ធោសន្ធៅមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ថា៖«នេះគឺជាការសងសឹកចំពោះអ៊ីរ៉ង់ដែលបានទម្លាក់គ្រាប់បែកលើកប៉ាល់។ ប្រសិនបើវាលេចឡើងម្ដងទៀត វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត!»។ ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសហែកចោលកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ ហើយបញ្ជាការដ្ឋានកណ្តាលអាម៉េរិកក៏បានបើកយុទ្ធនាការវាយប្រហារផ្លូវអាកាសវគ្គថ្មីស្រោចលើទីក្រុងជាច្រើន តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ បណ្ដាលឱ្យតំបន់មួយចំនួនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីទាំងស្រុង។

មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានទម្លាយថា យុទ្ធនាការទម្លាក់គ្រាប់បែកនេះ មានទំហំ និងចំនួនធំជាងការវាយប្រហារលើកមុនឆ្ងាយណាស់ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានប្រកាសថាខ្លួនបានបាញ់ប្រហារលើមូលដ្ឋានទ័ពអាម៉េរិកដល់ទៅ៨៥ទីតាំង នៅក្នុងប្រទេសបារ៉ែន និងគុយវ៉ែត រួចរាល់ហើយដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលអង្គការណាតូក្នុងប្រទេសតួកគី លោក ត្រាំ បានបង្ហាញទស្សនៈផ្ទុយទៅវិញថា នឹងមិនកើតមានសង្រ្គាមពេញទំហឹងសាជាថ្មីនោះឡើយ។ លោកអះអាងថា៖«រាល់អ្វីៗដែលកំពុងកើតឡើង វានឹងបញ្ចប់ទៅវិញយ៉ាងលឿនបំផុត...ហើយវានឹងធ្វើឱ្យអ្វីៗកាន់តែមានសុវត្ថិភាពឡើងវិញ រាប់ទាំងបញ្ហាប្រេងផងដែរ»

ផលប៉ះពាល់ភ្លាមៗពីការកើនឡើងកម្តៅសង្រ្គាម និងការទម្លាក់គ្រាប់បែកសាជាថ្មីនេះ បានរុញច្រានឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងថ្លៃជាង១ដុល្លារបន្ថែមទៀតនៅក្នុងការជួញដូរចុងក្រោយ ដោយប្រេងឆៅប្រភេទ Brent បានហក់ឡើងទៅដល់៧៩,២៨ដុល្លារក្នុងមួយបារ៉ែល។ ទោះជាជាបែបនេះក្ដី តម្លៃនេះនៅតែស្ថិតក្នុងកម្រិតទាបជាងចំណុចកំពូលកាលពីចុងខែមេសាកន្លងទៅ ដែលកាលនោះតម្លៃប្រេងបានហក់ឡើងខ្ពស់កប់ពពករហូតដល់ទៅជាង១២០ដុល្លារក្នុងមួយបារ៉ែលឯណោះ ក្រោយពេលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ដំបូងបង្អស់កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត