
រដ្ឋធានីសេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថា ខ្លួននឹងទទួលយកទាហានកូរ៉េខាងជើងទាំងអស់ ដែលបានទៅចូលរួមប្រយុទ្ធជាមួយរុស្ស៊ី ហើយត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួនជាឈ្លើយសឹក ប្រសិនបើបុគ្គលទាំងនោះស្ម័គ្រចិត្តចង់មកផ្ញើជីវិតនៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការថ្លែងការណ៍របស់ក្រសួងការបរទេសសេអ៊ូល កាលពីថ្ងៃទី២៣មិថុនាកន្លងទៅ...។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋធានីសេអ៊ូលជំទាស់ដាច់ខាត ចំពោះការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទាំងនោះ ត្រឡប់ទៅឱ្យប្រទេសរុស្ស៊ី ឬបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើងវិញ បើសិនជាទង្វើនោះធ្វើឡើងផ្ទុយពីបំណងប្រាថ្នា និងឆន្ទៈពិតប្រាកដរបស់ពួកគេ។ ជំហរការទូតដ៏រឹងមាំនេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវត្តមានកងទ័ពកូរ៉េខាងជើង ដែលបានបញ្ជូនទៅជួយរុស្ស៊ីក្នុងសមរភូមិអ៊ុយក្រែន។ ទន្ទឹមនឹងការប្រកាសជំហរដ៏ក្ដៅគគុកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន រដ្ឋមន្ត្រីកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងបើកកិច្ចចរចាទ្វេភាគីផ្លូវការមួយនៅក្នុងរដ្ឋធានីសេអ៊ូល នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ យុទ្ធសាស្ត្រយោធា និងការសម្របសម្រួលជុំវិញបញ្ហាឈ្លើយសឹកសង្រ្គាមទាំងនេះផងដែរ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង«សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កូរ៉េខាងជើង បានចាប់ផ្តើមបញ្ជូនកងទ័ពថ្មើរជើង និងកងកម្លាំងពិសេសរបស់ខ្លួនរាប់ម៉ឺននាក់ ទៅកាន់សមរភូមិជួរមុខ ដើម្បីជួយរុស្ស៊ីក្នុងការវាយលុកកងទ័ពអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ ដូចជា ផ្កាយរណប និងនាវាមុជទឹកនុយក្លេអ៊ែរ ព្រមទាំងជំនួយសេដ្ឋកិច្ចពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ទោះជាយ៉ាងណា នៅក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវនៅតំបន់ជួរមុខ កងទ័ពកូរ៉េខាងជើងមួយចំនួន ដែលខ្វះបទពិសោធសង្រ្គាមពិតប្រាកដ និងជួបឧបសគ្គខាងភាសា បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយខ្លះទៀតត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនាមជាឈ្លើយសង្រ្គាម ដែលនាំឱ្យកើតមានជាវិបត្តិកម្រិតអន្តរជាតិ ជុំវិញជោគវាសនារបស់ទាហានទាំងនោះ នាពេលនេះ៕



