
ក្រុងសិរិសោភ័ណ៖ រថយន្តមួយគ្រឿដែលគេដឹងថា ជារថយន្តក្រុមការងារធ្វើផ្លូវ បានបើកឆ្លងផ្លូវដែក តែប្រហែលជាមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកធ្លាក់ផ្លូវបណ្តាលឱ្យរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតទ្បើងកាលពីល្ងាចថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៦ នៅចំណុចក្បាលទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តម៉ាក់ហ៊ីយិនដាយកូរ៉េ បានបើកបរតាមផ្លូវលំឆ្លងផ្លូវដែក បម្រុងឆ្លងចូលផ្លូវជាតិលេខ៥ តែត្រូវបានរថភ្លើងដែលបើកបរក្នុងទិសដៅពីក្រុងប៉ោយប៉ែត មកក្រុងសិរីសោភ័ណ បុកចំផ្នែកទ្រុងក្រោយបណ្តាលធ្លាក់ផ្លូវខាងលិចផ្លូវ ហើយអ្នកជិះទ្រុងក្រោយ ក៏ធ្លាក់បែកក្បាល។ មន្ត្រីនគរបាលជំនាញបន្ថែមថា រថយន្តមួយគ្រឿងនោះ កម្លាំងជំនាញបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ។ ចំណែកអ្នករបួសនោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ៕ រាយការណ៍ដោយ៖ លោក ឈុន មករា ភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តបន្ទាយមានជ័យ




