
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ាឡេក រ៉ាហ្សាក់ (Malek Razak) អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរពីភាពអត់ធ្មត់របស់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែន ដោយមិនបំផ្ទុះអាវុធ បើទោះបីជាស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពរសើបក៏ដោយ…។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ថ្លែងដូច្នេះ ក្នុងជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦នេះ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។ លោកបានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីប្រាប់ដល់ម៉ាឡេស៊ីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ លោកបានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។ លោកគូសបញ្ជាក់ថា ភាគីម៉ាឡេស៊ី គាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។

ក្នុងជំនួបដដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន និងនាយឧត្តមសេនីយ៍ ម៉ាឡេក រ៉ាហ្សាក់ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្ដុះបណ្ដាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ភាគីម៉ាឡេស៊ី បានប្រកាសគាំទ្រសំណើរបស់ភាគីកម្ពុជា និងអះអាងថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕





