
ប្រទេសចិន៖ ស្រមពេលកំពុងស្ថិតនៅប្រទេសចិន ចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១២ រយៈពេល៣ថ្ងៃ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី ណាត់ជួបគ្នាជជែកពិភាក្សា និងរាយការណ៍ពីស្ថានភាពជាក់ស្តែងដែលកើតមាននៅតាមតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ..។

តាមរយៈជំនួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Dato' Seri Mohamed Khaled bin Nordin កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរាយការណ៍ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសករណីហិង្សាដែលប៉ូលិសថៃប្រើមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧កញ្ញា។ លោក ទៀ សីហា បញ្ជាក់ថា៖«ទង្វើនេះកើតឡើង ក្រោយភាគីថៃបានរាយបន្លារលួសថ្មី នៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំ GBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយJBC»។

ក្រៅតែពីលាតត្រដាងប្រាប់ម៉ាឡេស៊ីពីទង្វើដែលថៃប្រើមកលើប្រជាជនស្លូតត្រង់កម្ពុជា លោកឧននាយករដ្ឋមន្ត្រី បានសម្ដែងការអរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ានដែលប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេន ចុះពិនិត្យទីតាំងផ្ទាល់។ ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។

សូមរំឭកថា កាលពីល្ងាចថ្ងៃទី១៧កញ្ញា ការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នោះ បង្កឡើងដោយប៉ូលិសកុប្បកម្ម និងតម្រួតយោធាថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងក្បាលជ័រ អាវុធសូរសព្ទ ឥតត្រាប្រណីមកលើប្រជាជនស្លូតត្រង់កម្ពុជា បណ្ដាលឱ្យកងទ័ព ព្រះសង្ឃ និងប្រជាជនខ្មែរ២៩អង្គ-នាក់រងរបួស ក្នុងអំឡុងពេលពួកគេចេញតវ៉ារារាំងមិនឱ្យកងកម្លាំងថៃ ចូលមករាយបន្លាលួសព័ន្ធយកផ្ទះនឹងដី ដែលពួកគេរស់នៅនឹងអាស្រ័យផលតាំងពីយូណាស់មកហើយ៕





