ប្រតិភូម៉ាឡេស៊ីកោតសរសើភាពរីកចម្រើនរបស់កម្ពុជា និងចង់ឃើញទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំ
S
Soriya Sou
02 តុលា 2025 02:15 PM

រាជធានីភ្នំពេញ៖ លោក Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…។

<br />

ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Mohd Hatta បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិស័យការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Mohd Hatta បានបង្ហាញក្ដីរំភើបរីករាយ ក្រោយបានឃើញភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់គណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗ។ លោកបង្ហាញក្ដីជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោក Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 
លោក Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

ដូចគ្នាដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិផងដែរ។ សម្តេចគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចញឹកញាប់ ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់ក្នុងការជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយបន្ថែមទៀត។ ឆ្លៀតឱកាសនេះ សម្ដេចធិបតី បានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងបានសម្របសម្រួលដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត