
ម៉ាឡេស៊ី៖ កម្ពុជា-ម៉ាឡេស៊ី បានឯកភាពគ្នាចុះកិច្ចព្រមព្រៀងទ្វេភាគី ពង្រីកចំណងមិត្តភាព និងហ្វឹកហ្វឺន-បណ្ដុះបណ្ដាលកងទ័ពជើងគោករួមគ្នា ដើម្បីរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥..។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងពេលលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦តុលា ឆ្នាំ២០២៥។ ក្នុងជំនួបទ្វេភាគីរវាង លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សមភាគីទាំងពីរ បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជា-ម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់។ ដោយផ្តោតលើការផ្លាស់ប្ដូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្ដុះបណ្ដាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឱ្យកងទ័ពជើងគោកទាំងពីរ។

ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា តទៅអនាគត។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីរយៈពេល៤ថ្ងៃ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក DATO’ SERI MOHAMED KHALED NORDIN ព្រមទាំងធ្វើទស្សនកិច្ចអង្គភាពកងពលតូច ទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី៕





