
រាជធានីភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធា តាមរយៈទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកម្ពុជា..។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានឱ្យថា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ តាន់ ស្រ៊ី ជាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី រួមជាមួយភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចូលជួបសម្ដែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ទន្ទឹមគ្នា លោកមេទ័ពម៉ាឡេស៊ី ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោកមេទ័ពកម្ពុជា សំដៅដាក់ចេញនូវវិធានការ សកម្មភាព ដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានកន្លងទៅរវាងកងទ័ពនៃប្រទេសទាំងពីរ។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀត ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕




