អ្នកទោសជិត២ពាន់នាក់ ទទួលការអប់រំកែប្រែ ខណៈមួយចំនួនទៀត ត្រូវបានស្នើបន្ធូរបន្ថយទោស
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទណ្ឌិត ឬអ្នកទោសចំនួន១៨៩៧នាក់ បានចូលរួមកម្មវិធីអប់រំក្រៅប្រព័ន្ធ និងចលនាប្រឡងប្រណាំងពីការកែប្រែខ្លួន ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦...។

របាយការណ៍ បង្ហាញថា ទណ្ឌិតដែលបានចូលរួមកម្មវិធីទាំងនេះ ត្រូវបានវាយតម្លៃថាមានការកែប្រែខ្លួន មានវិន័យ និងប្រព្រឹត្តល្អ។ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃនេះ ទណ្ឌិតមួយចំនួន ត្រូវបានរៀបចំបញ្ជីឈ្មោះ ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ស្របតាមច្បាប់ និងនីតិវិធី។ ក្រៅពីកម្មវិធីអប់រំកែប្រែនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានជំរុញទណ្ឌិតចំនួន១៧១២នាក់ផ្សេងទៀត ឱ្យបានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើជំនាញចម្រុះ ដែលរៀបចំដោយអង្គភាពពន្ធនាគារផ្ទាល់ ក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ និងអង្គការដៃគូ ដើម្បីបង្កើនជំនាញសម្រាប់ការវិលត្រឡប់ទៅរស់នៅក្នុងសង្គមក្រោយពេលអនុវត្តទោសចប់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តពង្រឹងវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ជាពិសេសលើជនជាប់ឃុំដែលមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងអ្នកដែលគ្មានសាច់ញាតិជាទីពឹងពាក់។ របាយការណ៍ដដែល បញ្ជាក់ថា តាមរយៈការពង្រឹងសេវាសុខាភិបាលក្នុងពន្ធនាគារ និងការកែលម្អគុណភាពអាហារ ករណីសង្គ្រោះបន្ទាន់ ការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ និងអត្រាមរណភាពក្នុងពន្ធនាគារ បានថយចុះគួរឱ្យកត់សម្គាល់ក្នុងឆមាសទី១ ឆ្នាំ២០២៦។ គិតមកដល់ពេលនេះ ពន្ធនាគារនៅទូទាំងប្រទេស មានជនជាប់ឃុំសរុបជាង,៧ម៉ឺននាក់ ក្នុងនោះស្ត្រីជាង៤៥០០នាក់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត