
ក្រុងកែប៖ សត្វជ្រូកទឹក (Dugong) មួយក្បាលទៀត ត្រូវបានអ្នកជំនាញប្រទះឃើញនៅក្នុងតំបន់អភិរក្សនៃដែនសមុទ្ទខេត្តកែប ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦…។

លោក ឌិត ទីណា លើកឡើងថា មូលហេតុដែលទាក់ទាញថនិកសត្វសមុទ្ទដ៏កម្រនេះ ឱ្យវិលមកវិញ គឺដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម អង្គការអភិរក្សសមុទ្ទកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ជួយស្តារឡើងវិញនូវស្មៅសមុទ្ទជាប្រភពចំណីអាហារ ជួយការពារ អភិរក្សជីវៈចម្រុះស្មៅសមុទ្ទ និងប្រព័ន្ធអេកូឡូស៊ីសមុទ្ទល្អ ជាដើម។

រដ្ឋមន្រ្តីកសិកម្ម អះអាងថា វត្តមានរបស់សត្វជ្រូកទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការស្តារ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្ទ។ លោកជំរុញឱ្យពលរដ្ឋរួមគ្នាស្តារ និងការពារជីវៈចម្រុះសមុទ្ទកម្ពុជា និងចូលរួមគោរពច្បាប់ជលផល ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សទាំងអស់គ្នា។ សូមជម្រាបថា ក្រោយបាត់ខ្លួនជាង១០ឆ្នាំ ជ្រូកទឹកសមុទ្ទ ត្រូវបានគេប្រទះឃើញញឹកញាប់នៅតំបន់ឆ្នេរកែប និងកំពត។ ការបង្ហាញខ្លួនជាថ្មីនេះ បញ្ជាក់ថា សមុទ្ទកម្ពុជាមានសុវត្ថិភាព និងចំណីគ្រប់គ្រាន់សម្រាប់ការរស់រានមានជីវិតរបស់ពួកវា៕



