
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់ដល់ក្នុងបន្ទប់ដេក ក្រោយរកឃើញថា លួចសម្ងំប្រព្រឹត្តបទល្មើសបោកអនឡាញស្កេម ស្ថិតក្នុងភូមិសូភីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦....។

ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង មុត សម្បត្តិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះទៅត្រួតពិនិត្យទីតាំងសង្ស័យចំនួន៣។ ជាលទ្ធផល អាជ្ញាធរបានឃាត់ខ្លួនយុវជនវ័យ២២ឆ្នាំម្នាក់ និងដកហូតកុំព្យូទ័រលើតុមួយឈុត។

បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់វត្ថុតាងទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើកោសល្យវិច័យ។ រីឯជនល្មើស ត្រូវបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរបន្ត។ ការសម្ងំធ្វើសកម្មភាពម្នាក់ឯងដើម្បីបន្លំភ្នែកសមត្ថកិច្ចនេះ មិនអាចជួយឱ្យជនល្មើសរួចខ្លួនពីសមត្ថកិច្ច និងរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់បានឡើយ៕








