
រដ្ឋធានីអ៊ីស្លាមម៉ាបាដ៖ ក្រុមប្រដាប់អាវុធផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានសម្លាប់កងកម្លាំងសន្តិសុខអស់៤២នាក់ ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍។ នេះបើតាមរបាយការណ៍ពីកងទ័ពប៉ាគីស្ថាន ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ រដ្ឋាភិបាលបាគីស្ថាន ហៅក្រុមផ្តាច់ខ្លួនទាំងនោះថា ជាក្រុមឧទ្ទាម ឬក្រុមភេវរករ។

ក្រៅពីកងកម្លាំងសន្តិសុខ ក៏មានប្រជាជនស៊ីវិល៤នាក់ទៀត បានបាត់បង់ជីវិតក្នុងការវាយប្រហារបស់ក្រុមផ្តាច់ខ្លួន។ លោក អាមែត ហ្សារីហ្វ ឆូតរី (Ahmad Sharif Chaudhry) អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន លើកឡើងថា កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនអស់៥៤នាក់វិញ។

លោក ផ្ញើសារព្រមានខ្លាំងៗទៅកាន់ក្រុមឧទ្ទាមថា៖«យើងនឹងដេញតាមអ្នក យើងនឹងធ្វើឱ្យអ្នកវិនាសសាបសូន្យ។ យើងនឹងតាមចាប់ពួកភេរវករទាំងអស់ រួមមទាំងអ្នកជួយសម្របសម្រួល អ្នកចិញ្ចឹម និងអ្នកផ្តល់មូលដ្ឋានដល់ពួកភេរវករ ទោះពួកគេនៅទីណាក៏ដោយ»។ លោក បន្តថា ការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមផ្តាច់ខ្លួន គឺនៅក្នុងខេត្តប៉ាឡូឈីស្ថាន (Balochistan) នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

កងកម្លាំងប៉ាគីស្ថាន បានប្រយុទ្ធតតាំងនឹងក្រុមផ្តាច់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ពិសេសនៅក្នុងខេត្ត បាឡូឈីស្ថាននេះឯង ដែកជាខេត្តដ៏ធំបំផុតរបស់ប៉ាគីស្ថាន។ ខេត្តបាឡូឈីស្ថាន មានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់។ នៅប៉ាគីស្ថាន យ៉ាងហោចណាស់មានក្រុមបះបោរ ឬក្រុមបំបែកខ្លួនចំនួន៤ក្រុម ចាប់តាំងពីឆ្នាំ១៩៤៧មក៕





