
មជ្ឈិមបូព៌ា៖ កម្តៅនៅមជ្ឈិមបូព៌ា បានហក់ឡើងមកវិញ និងបង្កភាពវឹកវរលើទីផ្សារថាមពលសកលជាថ្មីម្ដងទៀត បន្ទាប់ពីតម្លៃប្រេងឆៅបានស្ទុះហក់ឡើងជិត២ភាគរយភ្លាមៗនៅថ្ងៃទី៨កក្កដានេះ បន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិក បើកការវាយប្រហារតាមអាកាសលើគោលដៅនានារបស់អ៊ីរ៉ង់ ព្រមទាំងបានប្រកាសដាក់ទណ្ឌកម្មលើការលក់ប្រេងឆៅរបស់រដ្ឋធានីតេហេរ៉ង់ឡើងវិញ។ នេះជាសញ្ញាបង្ហាញថា បទឈប់បាញ់ដ៏ផុតស្រួយរវាងមហាអំណាចនុយក្លេរអ៊ែទាំងពីរ ដែលទើបចុះហត្ថលេខាកាលពីខែមុន បាននិងកំពុងរលាយរលត់ទៅវិញទាំងស្រុង។

គិតត្រឹមព្រឹកថ្ងៃនេះ តម្លៃប្រេងឆៅសកល Brent ហក់ឡើងដល់៧៥,៥៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាម៉េរិក រំកិលខ្លួនឡើងដល់ ៧១,៨១ដុល្លារក្នុងមួយបារ៉ែល។ ចំណាត់ការក្ដៅពីសំណាក់បញ្ជាការដ្ឋានកណ្តាលអាម៉េរិកនាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ទៅលើនាវាពាណិជ្ជកម្មចំនួន៣គ្រឿង នៅតំបន់ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្ស។ បើទោះបីជារដ្ឋធានីតេហេរ៉ង់មិនបានចេញមុខទទួលខុសត្រូវក្ដី ប៉ុន្តែប្រទេសកាតា បានទម្លាយថា នាវាដឹកហ្គាសធម្មជាតិរាវរបស់ខ្លួនមួយគ្រឿង បានរងការវាយប្រហារ បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលដែលនាវាដឹកប្រេងខ្នាតយក្ស «Wedyan» របស់អារ៉ាប៊ីសាអូឌីត ក៏រងការខូចខាតនៅឆ្នេរសមុទ្ទអូម៉ង់ផងដែរ។ ព្រឹត្តិការណ៍នេះ បានបង្ខំឱ្យរដ្ឋធានីវ៉ាស៊ីនតោនសម្រេចលុបចោលអាជ្ញាបណ្ណលក់ប្រេងរបស់អ៊ីរ៉ង់ ភ្លាមៗ បន្ទាប់ពីរដ្ឋធានីតេហេរ៉ង់ ព្យាយាមរឹតបន្តឹង និងបង្ខំឱ្យកប៉ាល់ដឹកជញ្ជូនទាំងអស់ ត្រូវបើកបរចូលកៀកឆ្នេររបស់ខ្លួន ដែលជាការរំលោភលើច្បាប់សមុទ្ទអន្តរជាតិ។

ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ភាពតានតឹងដែលកំពុងឆេះឡើងវិញនេះ គឺជាការដាស់តឿនដ៏រន្ធត់មួយដល់វិនិយោគិនដែលធ្លាប់តែរំពឹងថា តម្លៃប្រេងនឹងបន្តធ្លាក់ថ្លៃក្រោយបទឈប់បាញ់។ ប្រសិនបើចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស ដែលធ្លាប់តែក្តោបក្តាប់រហូតដល់ទៅ១ភាគ៥ នៃទិន្នផលថាមពលសកល នៅតែបន្តធ្លាក់ចុះទាបជាង៥០ភាគរយ ដូចពេលបច្ចុប្បន្ន នោះវិបត្តិ ឬកង្វះខាតការផ្គត់ផ្គង់ប្រេងពិតជានឹងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងថ្លៃកប់ពពកជាមិនខាន។ ស្ថានភាពនេះកាន់តែដុនដាប ខណៈរបាយការណ៍ចុងក្រោយពីវិទ្យាស្ថានប្រេងអាម៉េរិក បានបង្ហាញថា ស្តុកប្រេងបម្រុងរបស់សហរដ្ឋអាម៉េរិក បានបន្តធ្លាក់ចុះប្រមាណ២,៤លានបារ៉ែលបន្ថែមទៀត ដែលជាសម្ពាធជំរុញឱ្យទីផ្សារប្រេងកាន់តែមានភាពរកាំរកូសខ្លាំងឡើង៕




