ត្រាំ ប្រកាស៖ បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដល់ទីបញ្ចប់ហើយ ព្រោះភ្លើងសង្គ្រាមឆេះឡើងវិញ
N
Nary Vann
7 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសក្ដៅៗ នៅថ្ងៃទី៨កក្កដានេះថា អនុស្សរណៈយោគយល់គ្នា ស្តីពីបទឈប់បាញ់បណ្តោះអាសន្នជាមួយប្រទេសអ៊ីរ៉ង់ បានបញ្ចប់ហើយ។ លោកសង្កត់ធ្ងន់ចំៗថា លោកលែងចង់ជជែកចរចាណាមួយជាមួយរដ្ឋធានីតេហេរ៉ង់ទៀតដែរ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី លោក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ត្រូវបានខូចខាតទាំងស្រុងហើយមែនដែរឬទេ? លោក ត្រាំ បានឆ្លើយតបដោយប្រើសម្តីវាយប្រហារធ្ងន់ៗថា៖«សម្រាប់ខ្ញុំ! ខ្ញុំគិតថា..វាចប់ហើយ។ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយពួកគេទៀតទេ..! ការចរចាជាមួយពួកគេ គឺគ្រាន់តែជាការខាតពេលទទេៗប៉ុណ្ណោះ»។ បើទោះជាលោក ត្រាំ បើកផ្លូវឱ្យតំណាងការទូតអាម៉េរិក បន្តកិច្ចចរចាក៏ដោយ ប៉ុន្តែលោកមិនរំពឹងថា នឹងទទួលបានលទ្ធផលវិជ្ជមានណាមួយឡើយ។

ការប្រកាសហែកកិច្ចព្រមព្រៀងសន្តិភាពដ៏ស្រួចស្រាល់នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បើកការវាយប្រហារយោធាជាថ្មីទៅលើអ៊ីរ៉ង់ ព្រមទាំងលុបចោលអាជ្ញាបណ្ណអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងឆៅ ដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់ប្រើដ្រូនវាយប្រហារលើនាវាដឹកប្រេងពាណិជ្ជកម្មចំនួន៣គ្រឿង នៅច្រកសមុទ្ទហ័រមូស្ស។ ភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ក៏បានប្រកាសវាយបកវិញ ដោយបានបាញ់រកគោលដៅយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសបារ៉ែន និងគូវ៉ែត។ ទង្វើនេះ បានរុញច្រានសង្រ្គាមមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលក្នុងភាពវឹកវរជាថ្មី និងបង្កើតជាក្ដីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសនៅអឺរ៉ុប ដែលកំពុងប្រឆាំងនឹងសង្រ្គាមនេះ។

ទន្ទឹមនឹងការប្រកាសរបស់លោក ត្រាំ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកស្ទុះហក់ឡើងភ្លាមៗ ជាង៥ភាគរយ ដោយប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់៧៨,០៩ដុល្លារក្នុងមួយបារ៉ែល(កើន៥,៣ភាគរយ) ខណៈប្រេងឆៅរបស់សហរដ្ឋអាម៉េរិក បានហក់ឡើងដល់៧៤,២៣ដុល្លារក្នុងមួយបារ៉ែល(កើន៥,៤ភាគរយ) ដែលនេះជាការបង្កើនក្ដីបារម្ភជាថ្មី ជុំវិញវិបត្តិថាមពលសកល៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត