
រាជធានីប៉េកាំង៖ កងទ័ពរំដោះប្រជាជនចិន បាញ់សាកល្បងមីស៊ីលមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក នៅថ្ងៃចន្ទទី៦ ខែកក្កដានេះ បណ្ដាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន...។

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹករំដោះប្រជាជនចិន បានបាញ់បង្ហោះមីស៊ីល ដែលផ្ទុកក្បាលគ្រាប់ក្លែងក្លាយ សំដៅទៅកាន់ដែនទឹកអន្តរជាតិក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក នារសៀលថ្ងៃចន្ទទី៦ ខែកក្កដានេះ។ ប្រភពបានបង្ហាញថា ការបាញ់សាកល្បងនេះ គឺជាការរៀបចំជាប្រចាំនៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ប្រទេសចិន ហើយវាមិនមានបំណងតម្រង់ទៅរកប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) បានប្រតិកម្មថា ប្រទេសចិន បានជូនដំណឹងមករដ្ឋាភិបាលអូស្ត្រាលីអំពីគម្រោងសាកល្បងនេះ ប៉ុន្តែការបាញ់បង្ហោះគឺ«បង្កអស្ថិរភាព»ដល់តំបន់។ «អូស្ត្រាលីបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់សាកល្បងដែលបានស្នើឡើងនេះ គឺស្ថិតក្នុងបរិបទនៃការកសាងកម្លាំងយោធាយ៉ាងរហ័សដោយប្រទេសចិន ដែលកំពុងខ្វះតម្លាភាព និងការធានាឡើងវិញនូវចេតនាពិតប្រាកដ ដែលបណ្តាប្រទេសក្នុងតំបន់រំពឹងទុក» នេះជាសម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី វ៉ុង។

ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនថ្លែងថា រាជធានីតូក្យូ បានទទួលការជូនដំណឹងអំពីការបាញ់បង្ហោះមីស៊ីលនេះដែរ ហើយបានជំរុញឱ្យចិនពិចារណាឡើងវិញ។ រាជធានីតូក្យូបញ្ជាក់ថា៖«យើងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃសកម្មភាពយោធារបស់ចិន»។ មីស៊ីលនោះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នេះបើតាមប្រភពពីរាជរដ្ឋាភិបាល។ ចំណែក ឯរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក វីនស្តុន ភីធឺស៍ (Winston Peters) បានអះអាងថា ប្រទេសរបស់លោកព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងនេះ។ លោក ភីធឺស៍ ថ្លែងបន្តថា៖«នូវែលសេឡង់ ចាត់ទុកថា នេះជាការវិវត្តដ៏គួរឱ្យព្រួយបារម្ភ និងមិនត្រូវបានស្វាគមន៍ឡើយ។ យើងក៏ដូចជាប្រទេសជិតខាងរបស់យើង នៅក្នុងបណ្តាប្រទេសប៉ាស៊ីហ្វិកដទៃទៀត មិនមានចំណាប់អារម្មណ៍ក្នុងការឃើញប្រទេសចិន ប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ធ្វើជាទីតាំងសាកល្បងសមត្ថភាពមីស៊ីលនោះទេ»។

គួររំឭកផងដែរថា ប្រទេសចិន បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៤ ដែលជាការបាញ់បង្ហោះដ៏កម្រមួយ និងបង្ហាញពីការកើនឡើងនូវសមត្ថភាពយោធាយ៉ាងគំហុករបស់នាគរាជអាស៊ីចិន៕


