
រដ្ឋធានីវ៉ាស៊ីនតោន៖ កាសែត New York Times បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានទូរសព្ទទៅប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (ឬ FIFA) លោក ជីអានី អ៊ីនហ្វែនទីណូ (Gianni Infantino) ដើម្បីស្នើសុំឱ្យពិនិត្យឡើងវិញនូវការហាមឃាត់ការប្រកួត World Cup របស់ខ្សែប្រយុទ្ធឆ្នើមរបស់អាម៉េរិក កីឡាករ ហ្វូឡារីន បាឡូហ្កាន់ (Folarin Balogun) បន្ទាប់ពីទទួលបានកាតក្រហមក្នុងវគ្គ៣២ក្រុមចុងក្រោយ។

គេនៅចាំបានថា កីឡាករ បាឡូហ្កាន់ ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីបានជាន់ជើងដោយអចេតនាលើខ្សែការពាររបស់ប្រទេសបូស្នៀ កីឡាករ តារីក មូហារ៉េម៉ូវីច (Tarik Muharemovic) នៅក្នុងវគ្គ៣២ក្រុមចុងក្រោយ កាលពីពេលថ្មីៗ។ នៅក្រោមច្បាប់របស់ FIFA កាតក្រហមនឹងត្រូវហាមឃាត់មួយប្រកួតដោយស្វ័យប្រវត្តិ ដែលក្រុមរបស់កីឡាករមិនអាចតវ៉ាបានឡើយ ពោលគឺមានន័យថា កីឡាករ បាឡូហ្កាន់ ត្រូវកាត់ឈ្មោះចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលអាម៉េរិក ត្រូវជួបប្រកួតជាមួយបែលហ្ស៊ិក នៅថ្ងៃអង្គារទី៧ ខែកក្កដាស្អែកនេះ។

ប៉ុន្តែយោងតាមការចុះផ្សាយរបស់កាសែត New York Times ដោយផ្អែកលើប្រភពចំនួន៣នាក់ បានបញ្ជាក់ថា លោក ត្រាំ បានទូរសព្ទទៅលោក អ៊ីនហ្វែនទីណូ ដើម្បីស្នើសុំឱ្យពិនិត្យមើលការសម្រេចចិត្តនេះឡើងវិញ។ លុះដល់ថ្ងៃចន្ទទី៦ ខែកក្កដា ស្ថាប័ន FIFA ក៏បានសម្រេចចិត្តដ៏ចម្លែកមួយ ដោយយល់ព្រមផ្អាកពិន័យខ្សែប្រយុទ្ធអាម៉េរិករូបនេះ ក្នុងរយៈពេលមួយឆ្នាំ ដែលនេះមានន័យថា កីឡាករ បាឡូហ្កាន់ អាចចូលលេងឱ្យអាម៉េរិកវិញបានធម្មតា។ ភ្លាមៗ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថ្លែងអំណអរគុណដល់ FIFA ដែលបានកែប្រែភាពអយុត្តិធម៌ដ៏ធំធេងនេះ។ ផ្ទុយទៅវិញ សមាគមបាល់ទាត់នៃប្រទេសប៊ែលហ្ស៊ិក ដែលត្រូវប្រកួតជាមួយអាម៉េរិកនៅវគ្គ១៦ក្រុមចុងក្រោយ បានសម្ដែងការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ FIFA៕




