
រាជធានីបាងកក៖ ស្របពេលស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅបន្តភាពតានតឹង កងទ័ពជើងទឹកភូមិន្ទថៃ និងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានចាប់ផ្តើមបើកសមយុទ្ធយោធារួមគ្នាដ៏ធំប្រចាំឆ្នាំ ក្រោមឈ្មោះ «CARAT 2026» ដែលការហ្វឹកហាត់នេះ បង្ហាញពីការគំរាមកំហែងដោយប្រយោលមកលើដែនអធិបតេយ្យនៃព្រំដែនទឹកកម្ពុជា ព្រោះបច្ចុប្បន្នប្រទេសទាំងពីរ(កម្ពុជា-ថៃ)កំពុងមានវិវាទទាំងព្រំដែនគោក និងនិងព្រំដែនទឹកជាមួយគ្នា...។

ពិធីបើកសមយុទ្ធផ្លូវការ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦កក្កដាម្សិលមិញ នៅឯកំពង់ផែឡែមធៀន (แหลมเทียน) ខេត្តជលបុរី ដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ និងមានការរួមសហការពីកងឆ្មាំឆ្នេរសមុទ្ទកាណាដាផងដែរ។ តាមកាលវិភាគ សមយុទ្ធទ្រង់ទ្រាយធំ «CARAT 2026» នេះ នឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែកក្កដា ដោយផ្តោតសំខាន់លើភូមិសាស្ត្រខេត្តជលបុរី ខេត្តរយ៉ង និងតំបន់ឈូងសមុទ្ទផ្នែកខាងលើ។ ចំណុចសំខាន់នៃសមយុទ្ធឆ្នាំនេះ ភាគីសហរដ្ឋអាម៉េរិក បានបញ្ចូលនាវារបស់កងឆ្មាំសមុទ្ទចំនួន២គ្រឿង គឺ USCGC EMLEN TUNNELL និង USCGC CHARLES MOULTHROPE មកចូលរួមជាលើកដំបូង ដែលជាការពង្រីកវិសាលភាពសមយុទ្ធឱ្យលើសពីការ[ការពារជាតិ]ធម្មតា ទៅជាការអនុវត្តច្បាប់សមុទ្ទ និងការប្រឆាំងការគំរាមកំហែងបច្ចេកវិទ្យាទំនើប។

សមយុទ្ធនេះ ត្រូវបានបែងចែកជា៣វគ្គសំខាន់ៗ គឺវគ្គហ្វឹកហ្វឺននៅលើគោក វគ្គសមយុទ្ធជាក់ស្តែងនៅលើផ្ទៃសមុទ្ទ និងវគ្គបូកសរុបលទ្ធផល។ នៅក្នុងវគ្គលើគោក កងទ័ពនៃប្រទេសទាំងពីរ នឹងផ្តោតលើការផ្លាស់ប្ដូរចំណេះដឹង ដោយមានសិក្ខាសាលាស្ដីពី សន្តិសុខសាយប័រ ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ច្បាប់សមុទ្ទ វេជ្ជសាស្ត្រយោធា និងការប្រឆាំងដ្រូន។ ចំណែក ឯវគ្គនៅលើផ្ទៃសមុទ្ទ នឹងមានការអនុវត្តជាក់ស្តែងលើការបើកបរនាវាចម្បាំង ការផ្លាស់ប្ដូររូបរាងក្បួននាវា ការបាញ់កាំភ្លើងធំលើនាវា ការស្ទាក់ចាប់ និងត្រួតពិនិត្យនាវាសង្ស័យ ព្រមទាំងប្រតិបត្តិការស្វែងរក និងសង្គ្រោះបន្ទាន់តាមសមុទ្ទ ដោយមានការគាំទ្រពីគ្រឿងយុទ្ធោបករណ៍ទំនើបៗដូចជា យន្តហោះល្បាត P-8A Poseidon, ដ្រូនស៊ើបការណ៍ MQ-9 Reaper របស់សហរដ្ឋអាម៉េរិក រួមទាំងនាវាចម្បាំងខ្នាតធំ និងដ្រូនស៊ើបការណ៍ Blackjack របស់ភាគីថៃផងដែរ៕





