
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៨កក្កដានេះ បានចេញមកណែនាំដល់ប្រជាពលរដ្ឋ បើមានរោគសញ្ញាគ្រុនក្ដៅខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច ព្រោះវាអាចជារោគសញ្ញាជំងឺគ្រុនឈាម…។

ការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ជំងឺគ្រុនឈាម នៅស្រុកកោះធំ ខេត្តកណ្តាល មានការកើនឡើងខ្លាំងដល់ទៅជាង៥០០នាក់ ត្រឹមរយៈពេល៣សប្តាហ៍ចុងក្រោយ។ មួយវិញទៀត ក្នុងអំឡុងពេលរដូវវស្សា ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹក ដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា ខណៈឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ក៏មានចំណែកធ្វើឱ្យចំនួនមូសខ្លា និងជំងឺគ្រុនឈាមកើនឡើង ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។ មូសខ្លា ចូលចិត្តរស់នៅកន្លែងទឹកដក់នៅក្នុងវត្ថុដក់ទឹក និងចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់។ ក្នុងន័យនេះ ក្រសួងសុខាភិបាល អំពាវនាវបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្រប នឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។

ក្រសួងបានណែនាំឱ្យពលរដ្ឋ ឆាប់ទៅពេទ្យបើមានរោគសញ្ញាគ្រុនក្ដៅខ្លាំងភ្លាមៗចាប់ពី៣៩ទៅ៤០អង្សាសេ និងត្រូវចូលរួមឱ្យសកម្មក្នុងការកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងមានទឹកដក់ ដូចជា៖ ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ។ ត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះ សម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជា៖ សំបកកង់រថយន្ត ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។ ចំពោះអាជីវករ និងម្ចាស់អាជីវកម្មទាំងហ្លាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់រថយន្ត ឬម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យបានល្អ។

ប្រជាពលរដ្ឋ ត្រូវចូលរួមលុបបំបាត់ជម្រកមូសដែលបង្កបង្កើតកូនចៅ តាមរយៈការកាប់ឆ្ការសម្អាតស្មៅស៊ុបទ្រុប ជុំវិញផ្ទះឱ្យបានស្អាត រក្សាអនាម័យក្នុងផ្ទះ រៀបចំទុកដាក់សម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ ហើយត្រូវអនុវត្តវិធានការការពារខ្លួន តាមគ្រប់មធ្យោបាយ។ ក្រសួងបានបន្តណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញការអនុវត្តការងារ កាត់បន្ថយ និងទប់ស្កាត់ការកកើតមូសក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាម៕




