
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍នៅថ្ងៃទី១៩ ខែមិថុនា ពីគ្រោះរញ្ជួយដីចំនួន២ គឺមួយនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ និងមួយទៀតនៅភាគកណ្តាលប្រទេសវៀតណាម

ក្រុមសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ពីព្រឹត្តិការណ៍រញ្ជួយដីចំនួន២លើក ដោយគ្រោះរញ្ជួយដីលើកទី១ បានកើតឡើងនៅក្នុងប្រទេសថៃ នៅវេលាម៉ោង៣:៤៣នាទីទៀបភ្លឺ ដែលមានកម្រិត១,៦រ៉ិចទ័រ នៅជម្រៅ១គីឡូម៉ែត្រ។ ទីតាំងនៃចំណុចកណ្តាលរញ្ជួយដី ស្ថិតនៅក្នុងឃុំម៉ែស៊ួយ(Mae Suai) ស្រុកម៉ែស៊ួយ ខេត្តឈៀងរ៉ៃ។ ចំណែកឯ រញ្ជួយដីលើកទី២ ត្រូវបានកត់ត្រានៅវេលាម៉ោង៥:៤៩នាទីព្រឹក ក្នុងប្រទេសវៀតណាម ដោយមានកម្រិត៤រ៉ិចទ័រ នៅជម្រៅ១០គីឡូម៉ែត្រក្រោមដី។ ទីតាំងនៃចំណុចកណ្តាលរញ្ជួយដី ស្ថិតនៅក្នុងប្រទេសវៀតណាម។ សម្រាប់រញ្ជួយដីនៅប្រទេសវៀតណាម គឺមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃស្រុកមឿង(Mueang) នៃខេត្តឧប្បលរាជធានី ដោយមានចម្ងាយប្រហែល៣១៧គីឡូម៉ែត្រ។ អាជ្ញាធរថៃបានកត់សម្គាល់ថា ទោះបីជារញ្ជួយដីកម្រិតនេះ ជាទូទៅមិនបង្កការបំផ្លិចបំផ្លាញក៏ដោយ ប៉ុន្តែការញ័ររញ្ជួយខ្លាំងជាងនេះនៅតែអាចកើតមានឡើងជាបន្តបន្ទាប់ទៀតក្នុងតំបន់៕




