ជប៉ុនផ្តល់ជំនួយ២,៨លានដុល្លារ ដើម្បីឱ្យមន្ត្រីវ័យក្មេងកម្ពុជាមានឱកាសទៅរៀនថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសាលាល្បីៗ
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២,៨លានដុល្លារអាម៉េរិកបន្ថែម ដល់កម្ពុជា សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស...។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អ៊ូអ៊ិណុ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន បានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ និងការទទួលហិរញ្ញប្បទានឥតសំណងនេះ។ តាមរយៈគម្រោងនេះ មន្ត្រីរាជការវ័យក្មេងកម្ពុជា នឹងទទួលបានឱកាសបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (រួមមាន ថ្នាក់អនុបណ្ឌិត ឬបណ្ឌិត) នៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការដឹកនាំក្នុងវិស័យសាធារណៈ។

បើតាមក្រសួងការបរទេស ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រការអភិវឌ្ឍធនធានមនុស្ស ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត