
រាជធានីភ្នំពេញ៖ បក្សី ដែលជាប្រភេទសត្វស្លាបស៊ីផ្លែឈើជាអាហារ វាបានសាបព្រោះគ្រាប់ពូជទាំងនោះ ពាសពេញព្រៃភ្នំ តំបន់ដាច់ស្រយាល និងវាលស្រែ-ចម្ការ ដែលធ្វើឱ្យដើមឈើថ្មីៗអាចដុះលូតលាស់ ជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងការពារបរិស្ថានធម្មជាតិបានយ៉ាងល្អ ជាពិសេស ជួយឱ្យព្រៃឈើមានលទ្ធភាពស្តារឡើងវិញដោយខ្លួនឯង ក្រោយទទួលរងគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់ព្យុះ ឬភ្លើងព្រៃ ជាដើម ។ល។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី៨កក្កដា ឆ្នាំ២០២៦...។

មន្រ្តីបរិស្ថាន បានឱ្យដឹងថា ក្រៅពីមានតួនាទីសាបព្រោះគ្រាប់ពូជ បក្សីខ្លះបានដើរតួជាអ្នកត្រួតពិនិត្យ និងកម្ចាត់សត្វល្អិតចង្រៃ តាមបែបធម្មជាតិ។ ពួកវាស៊ីសត្វល្អិតដែលបំផ្លាញដំណាំ និងបំផ្លាញព្រៃឈើ ជួយកាត់បន្ថយការខូចខាតផលដំណាំរបស់បងប្អូនប្រជាកសិករ និងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ មន្រ្តីបរិស្ថាន សង្កត់ធ្ងន់ថា៖« បក្សីបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម តាមរយៈការកម្ចាត់សត្វល្អិត និងការជួយលំអងផ្កា ពួកវាជួយរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី ដែលជាប្រភពបង្កើតទឹកស្អាត ដីមានជីជាតិ និងព្រៃឈើមានសុខភាពល្អ លើសពីនេះ ព្រៃឈើដែលសម្បូរទៅដោយបក្សី ក៏ជាម៉ាញេទិកទាក់ទាញអ្នកស្រឡាញ់ធម្មជាតិ និងភ្ញៀវទេសចរអេកូឡូស៊ី ដែលបង្កើតឱកាសរកប្រភពចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋាន»។

មន្រ្តីបរិស្ថានបន្ថែមថា បក្សីក៏បានជួយបំពេញបង្គ្រប់ជីវិតមនុស្សដែរ នោះគឺសំឡេងបក្សីនាំមកនូវភាពស្ងប់សុខក្នុងចិត្ត។ វត្តមានរបស់ពួកវាជាសក្ខីភាពបញ្ជាក់ថា ធម្មជាតិនៅតែមានភាពរស់រវើក។ សម្រាប់មនុស្សជាច្រើន ការបានឮសំឡេងបក្សីច្រៀងរាល់ព្រឹក គឺជាសេចក្តីសុខ និងសុភមង្គលយ៉ាងធំធេងបំផុតក្នុងជីវិត។ តែយ៉ាងណា បច្ចុប្បន្នបក្សី កំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដោយសារការបាត់បង់គម្របព្រៃឈើ ភ្លើងឆេះព្រៃ ការបំផ្លិចបំផ្លាញទីជម្រក ការបរបាញ់ខុសច្បាប់ ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យចំនួនបក្សីធ្លាក់ចុះយ៉ាងគំហុកនៅទូទាំងសកលលោក។ នៅពេលព្រៃឈើបាត់បង់ បក្សីក៏បាត់ទីជម្រកដែរ។

មួយវិញទៀត ពេលបក្សីរលាយសាបសូន្យ ព្រៃឈើក៏បាត់បង់សមត្ថភាពធម្មជាតិក្នុងការស្តារឡើងវិញ និងការរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីជាបណ្តើរៗដូចគ្នា ដូច្នេះហើយ បានជាក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជួយការពារបក្សី ដោយត្រូវចាប់ផ្តើមពីការការពារដើមឈើ និងការដាំបន្ថែមឱ្យកាន់តែច្រើន៕




