
ក្រុងស្ទឹងសែន៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំគ្នាគោរពថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានផ្ដល់សាឡាងជូនពួកគាត់ ដើម្បីអាចជិះឆ្លងកាត់ដងស្ទឹងសែន ដោយឥតគិតថ្លៃ ពោលគឺមិនចាំបាច់ជិះទូកនាំឱ្យប្រឈមនឹងហានិភ័យដូចមុនឡើយ…។

ការគោរពថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ធ្វើឡើងកាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០២៦ ក្នុងឱកាស លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ អញ្ជើញចុះពិនិត្យ និងសិក្សាពីដំណើរការសាឡាងឆ្លងកាត់ដងស្ទឹងសែន ដែលជាការបម្រើប្រជាជន និងសិស្សានុសិស្សដោយឥតគិតថ្លៃ នៅឃុំដងកាំបិត។ ទន្ទឹមនឹងមានសាឡាងប្រើប្រាស់ ឈប់ប្រើទូក ឬកាណូតតូចៗដូចមុន លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរដែនដី និងក្រុមអ្នកបើកបរសាឡាង ត្រូវថែរក្សាបច្ចេកទេសឱ្យបានល្អ ដើម្បីប្រើប្រាស់បម្រើប្រជាពលរដ្ឋបានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ ធានាឱ្យបានសុវត្ថិភាពដល់អ្នកដំណើរឆ្លងកាត់ឱ្យពួកគាត់មានសុវត្ថិភាព។

ជាថ្មីម្ដងទៀត លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសិស្សានុសិស្សទាំងអស់ នៅឃុំដងកាំបិត គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់សាឡាងថ្មីមួយគ្រឿងនេះជូនពួកគាត់។ សាឡាងនេះ នឹងជួយបង្កលក្ខណ:ងាយស្រួលសម្រាប់ការដឹកជញ្ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ បានឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន ខណៈកន្លងទៅ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ត្រូវប្រើទូក ឬកាណូតតូចៗ មិនមានសុវត្ថិភាពឡើយ និងតែងជួបគ្រោះថ្នាក់លិចទូកជារឿយៗ។

សូមជម្រាបថា មុនផ្ដល់ជូនសាឡាងនេះ កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានផ្ដល់ទូក និងអាវពោងសុវត្ថិភាពដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចាត់ចែងចម្លងពលរដ្ឋ និងសិស្សានុសិស្សពីឃុំដងកាំបិត និងឃុំមានជ័យនៃស្រុកសណ្ដាន់ ដែលត្រូវធ្វើដំណើរឆ្លងស្ទឹងសែនទៅបំពេញការងារ និងសិក្សារៀនសូត្រនៅឯសាលារៀនផងដែរ។ ការផ្ដល់ជូននេះ ធ្វើឡើងបន្ទាប់ពីពេលកន្លងទៅ អ្នកធ្វើដំណើរឧស្សាហ៍កើតមានហេតុការណ៍លិចទូកចម្លងចូលក្នុងស្ទឹងសែន ឈានទៅដល់ការបាត់បង់អាយុជីវិតសិស្សានុសិស្ស ជាពិសេស នៅក្នុងរដូវវស្សាទឹកជន់ឡើងខ្លាំងនេះតែម្ដង៕






