មហាអំណាចនុយក្លេអ៊ែរចិន-រុស្ស៊ី ប្រកាសបញ្ចេញនាវាចម្បាំងធ្វើសមយុទ្ធយក្ស និងល្បាតរួមគ្នានៅប៉ាស៊ីហ្វិក
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រសួងការពារជាតិចិន បានប្រកាសនៅថ្ងៃទី៥កក្កដានេះថា កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ ព្រមទាំងត្រៀមដាក់ពង្រាយកម្លាំងល្បាតរួមគ្នានៅតាមតំបន់សំខាន់ៗមួយចំនួនក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ខណៈដំណឹងនេះកំពុងទាក់ទាញការឈ្លបមើលយ៉ាងម៉ត់ចត់ពីសំណាក់សហរដ្ឋអាម៉េរិក និងប្លុកលោកខាងលិច។

ផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការ ភាគីទាំងពីរ នឹងបញ្ជូនកងកម្លាំងជើងទឹកទៅចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា «Joint Sea-2026» នៅក្នុងដែនទឹក និងដែនអាកាសក្បែរទីក្រុងឈីងតាវ (Qingdao) ដែលជាកំពង់ផែយោធាដ៏សំខាន់មួយនៅភាគខាងកើតប្រទេសចិន។ បន្ទាប់ពីសមយុទ្ធនេះ ត្រូវបានបញ្ចប់ កងនាវាចម្រុះនៃប្រទេសទាំងពីរនឹងបន្តធ្វើដំណើរល្បាតរួមគ្នានៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ទោះជាយ៉ាងណា ក្រសួងមិនទាន់បានទម្លាយពីទំហំជាក់លាក់នៃការដាក់ពង្រាយទ័ព និងកប៉ាល់ចម្បាំងនៅឡើយទេ។

សមយុទ្ធទ្រង់ទ្រាយធំនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរមកទស្សនកិច្ចនៅចិនកាលពីពីរខែមុន ដោយមេដឹកនាំទាំងពីរបានលើកសរសើរថា សម្ព័ន្ធភាពទ្វេភាគីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រឆាំងនឹងឥទ្ធិពលឯកតោភាគីរបស់រដ្ឋធានីវ៉ាស៊ីនតោន។ បើទោះបីជាចិនតែងតែអះអាងខ្លួនជា«ភាគីកណ្តាល» និងមិនដែលចេញមុខថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននៅតែបង្ហាញការសង្ស័យខ្ពស់ និងចោទប្រកាន់ថា រដ្ឋធានីប៉េកាំងកំពុងលួចលាក់ផ្តល់ជំនួយទំនុកបម្រុងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាទៅឱ្យរដ្ឋធានីមូស្គូក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត