
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាដាក់សាឡាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វា (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។
ស្របជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបាន តូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។ ចំណែក បងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ។

ម្យ៉ាងវិញទៀត រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវថា នៅពេលវេលាចរាចរណ៍មមាញឹក ប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។
គូសបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធនឹងបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹកនេះផងដែរ៕



