
ក្រុងស្ទឹងត្រែង៖ ជនជាប់ចោទជាប្រជានេសាទម្នាក់ ដែលបានធ្វើសកម្មភាពលួចលាក់ទុកថ្នាំញៀន៣គីឡូក្រាម កំលុងពេលកម្លាំងជំនាញកំពុងបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនលើដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អាចប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ពោលគឺអាចជាប់ពន្ធនាគារអស់មួយជីវិត...។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចបញ្ជូនខ្លួនជនជាប់ចោទឈ្មោះ ឡេង ណាត មានមុខរបរជាប្រជានេសាទ ទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក្រោយរកឃើញជាប់ពាកព័ន្ធករណីការរក្សាទុកគ្រឿងញៀន មេតំហ្វេតាម៉ីន ចំនួន៣គីឡូក្រាម ដែលលួចពីទូករបស់ក្រុមឧក្រិដ្ឋជនផ្លុងចោល កំលុងពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប។ សូមជម្រាបថា តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចែងថា ប្រសិនបើជាប្រភេទថ្នាំញៀន អំហ្វេតាមីន ឬមេតំហ្វេតាមីនគ្រាប់ មានបរិមាណចាប់ពី១គីឡូក្រាមឡើងទៅ នោះជនល្មើសនឹងត្រូវប្រឈមផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។

សូមជម្រាបថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនាកន្លងទៅ មន្ត្រីបរិស្ថាន អភិរក្សតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចុះល្បាតតាមដងទន្លេមេគង្គលើ ហើយក៏ប្រទះឃើញទូកមួយគ្រឿងបើកក្នុងល្បឿនលឿន។ ពេលនោះ មន្រ្តីជំនាញ ក៏បានសហការគ្នាដេញតាម ដោយសង្ស័យជាករណីលួចឆក់ត្រី។ ជនសង្ស័យ ប្រឹងបើកទូករត់ដោយមិនព្រមឈប់នោះទេ រហូតទាល់តែទៅបុកទូកអ្នកនេសាទបណ្ដាលឱ្យលិច ហើយក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង បន្សល់ទុកគ្រឿងញៀនជាង៣៧គីឡូក្រាម (គ្រឿងញៀនទាំងអស់មានជាង៤០គីឡូក្រាម តែត្រូវអ្នកនេសាទលួចអស់៣គីឡូក្រាម)។ ជុំវិញរឿងរ៉ាវខាងលើ វាជាមេរៀនមួយសម្រាប់សាធារណជន ព្រោះថា គ្រឿងញៀន ទោះបីជាយើងរើសបាន លួចបាន ឬដកហូតបានពីប្រភពណាក៏ដោយ ដាច់ខាតត្រូវរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចករណីជាក់ស្តែងមួយនេះ៕






