
រាជធានីបាងកក៖ វិស័យវារីវប្បកម្មចិញ្ចឹមបង្កងនៅប្រទេសថៃ កំពុងដាំក្បាលចុះប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យកសិករជាច្រើនត្រូវបង្ខំចិត្តបោះបង់មុខរបរមួយនេះ ឬប្រកាសក្ស័យធនជាបន្តបន្ទាប់។ នៅថ្ងៃទី០៦កក្កដានេះ របាយការណ៍ពីខេត្តត្រាង (Trang) បង្ហាញថា វិបត្តិបង្កងធ្លាក់ថ្លៃនៅលើទីផ្សារ រួមផ្សំជាមួយការហក់ឡើងខ្ពស់នៃថ្លៃដើមផលិតកម្ម ដូចជាចំណី និងតម្លៃទឹក-ភ្លើង បាននិងកំពុងច្របាច់កកសិករឱ្យរស់ក្នុងស្ថានភាពខាតបង់ស្ទើរតែទាំងស្រុង។

នៅក្នុងទិដ្ឋភាពជាក់ស្តែង កសិករជើងចាស់ម្នាក់ដែលបានប្រកបរបរចិញ្ចឹមបង្កងអស់រយៈពេលជាង២០ឆ្នាំមកហើយនោះ បានបង្ខំចិត្តជួលកម្មករឱ្យសម្រុកប្រមូលផលបង្កងអាយុកាលទើបតែ៧០ថ្ងៃ ចេញពីស្រះចុងក្រោយរបស់ខ្លួនទាំងបង្ខំចិត្ត ដើម្បីយកទៅលក់ក្នុងតម្លៃថោកជាងដើមទុនផលិត។ ការសម្រេចចិត្តប្រមូលផលបង្កងទាំងមិនទាន់គ្រប់អាយុនាពេលនេះ បានធ្វើឱ្យកសិកររូបនោះ ត្រូវទទួលរងការខាតបង់ទឹកប្រាក់ភ្លាមៗរហូតដល់ទៅជាង១សែនបាត (ប្រហែលជិត៣ពាន់ដុល្លារអាម៉េរិក)។ ម្ចាស់កសិដ្ឋានបានរៀបរាប់ថា ប្រសិនបើលោកនៅតែជះលុយចិញ្ចឹមបង្កងទាំងនេះបន្តរយៈពេល២ខែទៀត ដើម្បីឱ្យវាគ្រប់ខ្នាតទីផ្សារ នោះថ្លៃដើមចំណីនឹងកាន់តែរុញច្រានឱ្យលោកខាតបង់រាប់សែនបាតបន្ថែមទៀត។ ដើម្បីកាត់ផ្តាច់វដ្តនៃការខាតបង់ដ៏ជូរចត់នេះ កសិករ មានតែសម្រេចចិត្តបិទស្រះចិញ្ចឹមបង្កងចំនួន២០ស្រះ ក្នុងចំណោមស្រះសរុបទាំង២២របស់ខ្លួន ដើម្បីផ្អាកសកម្មភាព និងរង់ចាំមើលចំណាត់ការជួយសង្គ្រោះពីរាជរដ្ឋាភិបាល។

ស្ថានភាពដ៏ដុនដាបរបស់កសិករថៃរូបនេះ គ្រាន់តែជាចំណែកមួយនៃរូបភាពជារួមដែលវិស័យវារីវប្បកម្មថៃ កំពុងជួបប្រទះប៉ុណ្ណោះ។ ក្រុមកសិករនៅក្នុងតំបន់ក៏បានសម្ដែងការមិនពេញចិត្ត និងរិះគន់រាជរដ្ឋាភិបាលថៃ ជុំវិញភាពយឺតយ៉ាវក្នុងការចេញវិធានការអន្តរាគមន៍ជួយសង្គ្រោះ ដោយទុកឱ្យកសិកររងគ្រោះប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង ដែលកត្តានេះ អាចបណ្ដាលឱ្យឧស្សាហកម្មចិញ្ចឹមបង្កងទាំងមូលត្រូវដួលរលំ និងក្ស័យធន។ បច្ចុប្បន្ន កសិករជាច្រើនចាប់ផ្តើមដកខ្លួន និងបោះបង់របរចិញ្ចឹមបង្កងនេះជាបណ្តើរៗហើយ ព្រោះពួកគេមិនអាចរែកពន់បន្ទុកថ្លៃដើម ដែលខ្ពស់ដាច់ឆ្ងាយពីប្រាក់ចំណូលបានទៀតឡើយ៕




