កម្ពុជាគួរមានវិធានការ[ការពារខ្លួន]អ្វីខ្លះ ទប់ទល់នៃការរះឡើងនូវអំណាចយោធានិយមរបស់ចោរឈ្លានពាន..?
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលប្រទេសថៃកំពុងឈ្លានពាន និងកាន់កាប់ជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់ កងទ័ពថៃ កាន់តែបង្កើនសមត្ថភាពយោធារបស់ខ្លួនទ្វេឡើង ដោយក្រៅពីទិញសព្វាវុធទំនើបៗ យុទ្ធោបករណ៍សាហាវៗ ឧត្តមភាពនៃយន្តហោះចម្បាំង និងការផ្ទេរបច្ចេកវិជ្ជាផលិតនាវាចម្បាំងពីសហភាពអឺរ៉ុប ពេលនេះ យោធាថៃ នៅអាចផលិតរថក្រោះ រថពាសដែក និងសព្វាវុធផ្សេងទៀត លក់ឱ្យប្រទេសក្នុងតំបន់បានថែមទៀតផង តើកម្ពុជាគួរមានវិធានការ[ការពារខ្លួន]អ្វីខ្លះ ដើម្បីទប់ស្កាត់អំណាចយោធាថៃដែលកំពុងកើនឡើងខ្លាំង...? ការណ៍ដែលយោធាថៃឈ្លានពាន បាននិងកំពុងសម្រុកផលិតសព្វាវុធ និងនាំចូលយុទ្ធោបករណ៍យ៉ាងគគ្រឹកគគ្រេងបែបនេះ គឺបាននិងកំពុងគំរាមកំហែងប្រទេសជាប់របងផ្ទះរបស់ថៃដូចជា៖ ភូមា ឡាវ ម៉ាឡេស៊ី និងជាពិសេស គឺកម្ពុជាផ្ទាល់តែម្ដង...។

ជាក់ស្តែង កងទ័ពជើងទឹកហ្វីលីពីន បានសម្រេចបញ្ជាទិញរថពាសដែករត់លើទឹកប្រភេទ AWAV 8x8 ដែលផលិតដោយក្រុមហ៊ុគ Chaiseri Metal and Rubber Co. របស់ប្រទេសថៃ។ កិច្ចព្រមព្រៀងដំបូងនេះ រួមមាន រថពាសដែកចំនួន៥គ្រឿង មានតម្លៃប្រមាណ៨លានដុល្លារអាម៉េរិក ដោយការដឹកជញ្ជូនរំពឹងថា នឹងធ្វើឡើងនៅត្រឹមឆ្នាំ២០២៧។ ថ្មីៗនេះ ប្រទេសតួកគី ក៏បានបង្ហាញមហិច្ឆតាដេញថ្លៃលើកិច្ចព្រមព្រៀងលក់នាវាចម្បាំងធុនធ្ងន់ថ្នាក់ហ្វ្រ៊ីហ្គេត ឱ្យទៅកងទ័ពជើងទឹកភូមិន្ទថៃផងដែរ ដោយផ្ដល់ជូននូវលក្ខខណ្ឌពិសេសមិនធ្លាប់មាន នោះគឺការផ្ទេរបច្ចេកវិទ្យាផលិតឱ្យថៃទាំងស្រុងថែមទៀត។ យោធាថៃ មិនត្រឹមតែជាប្រទេសនាំចូលសព្វាវុធដ៏ធំមួយនោះទេ ប៉ុន្តែក៏ជាប្រទេសអាចផលិត​សព្វាវុធដោយខ្លួនឯង រួចនាំចេញទៅក្រៅប្រទេសបានផងដែរ តាមរយៈការគាំទ្រ និងការផ្ដល់ជូននូវបច្ចេកវិទ្យាយោធាពីសំណាក់ក្រុមហ៊ុនផលិតអាវុធបរទេស ដល់ប្រទេសឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាមួយនេះ។

យ៉ាងណា ការរីកចម្រើនលើវិស័យការពារជាតិ និងការនាំចេញសព្វាវុធរបស់ភាគីថៃនេះ ហាក់កំពុងក្លាយជាចំណុចមរណនៃសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អ្វីទៅជាចំណុចមរណៈ..? នោះក៏ព្រោះតែយោធាថៃ ជាប្រទេសមានចរិតឈ្លានពាន និងមានឥរិយាបថយោធានិយម ខណៈប្រទេសស្ថិតនៅប៉ែកខាងលិចកម្ពុជាមួយនេះ តែងតែអួតសម្ញែងសាច់ដុំយោធា រហូតប្រើប្រាស់អាវុធធុនធ្ងន់ៗគ្រប់ប្រភេទ បើកការឈ្លានពានកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ និងយង់ឃ្នងជាទីបំផុតកាលពីចុងឆ្នាំ២០២៥ ដោយមិនខ្វល់ពីច្បាប់អន្តរជាតិឡើយ។ មិនត្រឹមតែប៉ុនណោះ ប្រទេសថៃក៏តែងតែមានភាពរកាំរកូសឥតល្អែរជាមួយបណ្តាប្រទេសជាប់របងព្រំដែនជាមួយគ្នាផ្សេងទៀត ដូចជា៖ ភូមា ឡាវ និងម៉ាឡេស៊ីជាដើម ជាពិសេស ជាមួយក្រុមបំបែករដ្ឋអ៊ីស្លាមនៅភាគខាងត្បូង ដែលស្ថិតនៅក្នុងប្រទេសរបស់ខ្លួន ក្បែរព្រំដែនម៉ាឡេស៊ី។

សូមជម្រាបថា មហិច្ឆតារបស់ថៃក្នុងការក្តោបក្តាប់បច្ចេកវិទ្យាយោធាពីតួកគី ការលក់អាវុធឱ្យហ្វីលីពីន និងការនាំចូលសព្វាវុធពីស៊ុយអ៊ែត ដូចជា យន្តហោះចម្បាំង Gripen ជាដើម គឺជាការបង្ហាញយ៉ាងប្រត្យក្សថា យោធាថៃកំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់ តាមរយៈការលក់អាវុធផង ផលិតអាវុធផង និងនាំចូលសព្វាវុធទំនើបៗពីបរទេស ស្របពេលដែលយោធាឈ្លានពានមួយនេះ កំពុងកាន់កាប់ជ្រៅលើដែនសីម៉ាកម្ពុជាដោយ​ខុសច្បាប់ និងកំពុងបង្កើតជម្លោះវាទីទឹកដី។ រលកឈ្លានពានរបស់យោធា បាននិងកំពុងគំរាមកំហែងដល់ស្ថិរភាពអាស៊ានទាំងមូល។ ប្រសិនបើអន្តរជាតិ ជាពិសេស បណ្តាប្រទេសក្នុងតំបន់ មិនមានវិធានការទប់ស្កាត់ ឬឆ្លើយតបឱ្យបានទាន់ពេលវេលាទេនោះ តំបន់អាស៊ីអាគ្នេយ៍អាចនឹងអស្ថិរភាព ក្រោមការគំរាមកំហែងពីសំណាក់យោធាថៃឈ្លានពាន ដែលមានក្រុមអាមាត្យវាំងស្តេចថៃជាអ្នកអុចអាលពីក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត