មីស៊ីលឥណ្ឌា ត្រៀមវាយលុកទីផ្សារមជ្ឈិមបូព៌ា ស្របពេលកំពុងផ្ទុះសង្គ្រាម
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីញូដេលី៖ វិស័យសព្វាវុធរបស់ឥណ្ឌា កំពុងបោះជំហានទៅមុខយ៉ាងលឿនស្លេវ តាមរយៈការចរចាលក់មីស៊ីលតម្រង់ទិសល្បឿនលឿនជាងសំឡេង BrahMos (ប្រាមូស) ទៅឱ្យប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អ្នកវិភាគយោធា លើកឡើងថា ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ វានឹងក្លាយជារឿងដ៏គួរឱ្យសាទរ និងបញ្ជាក់ពីគុណភាពអាវុធរបស់ឥណ្ឌានៅក្នុងទីផ្សារសន្តិសុខ ដែលកំពុងតែមានការប្រកួតប្រជែងខ្ពស់។

បើយោងតាមប្រភពព័ត៌មាន ការចរចានេះមិនត្រឹមតែផ្តោតលើមីស៊ីល BrahMos ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវប្រព័ន្ធបញ្ជា និងគ្រប់គ្រងការពារអាកាសស្វ័យប្រវត្តិដ៏ទំនើប ឈ្មោះ Akashteer (អាកាសធា) របស់ឥណ្ឌាផងដែរ។ ទោះបីជាកិច្ចចរចានេះស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែវាមានទម្ងន់យុទ្ធសាស្ត្រយ៉ាងខ្លាំងក្នុងការបង្វែរមុខមាត់ឥណ្ឌា ពីអ្នកទិញអាវុធធំបំផុត ទៅជាអ្នកនាំចេញអាវុធដ៏មានឥទ្ធិពល។ កញ្ចប់សព្វាវុធ ដែលអេមីរ៉ាតអារ៉ាប់រួម  ចង់បានគឺមីស៊ីល BrahMos ដែលមានល្បឿនលឿនជាងសំឡេង៣ដង ដោយបានកើតចេញពីឥណ្ឌា-រុស្ស៊ី។ វាអាចបាញ់បានទាំងដីគោក ផ្ទៃទឹក និងលើអាកាស។ ក្រៅពី BrahMos អារ៉ាប់រួមក៏កំពុងកំណត់គោលដៅចង់បានមីស៊ីលការពារដែនអាកាស Akashteer, ប្រព័ន្ធរ៉ុក្កែត Pinaka, និងយន្តហោះគ្មានមនុស្សបើកផងដែរ។

មេទ័ពឥណ្ឌាបានសង្កត់ធ្ងន់ថា ៖«នេះជាការជំរុញទំនុកចិត្តដ៏ធំធេង។ វាបង្ហាញទៅពិភពលោកថា ប្រព័ន្ធអាវុធរបស់ឥណ្ឌាគឺត្រូវបានសាកល្បងក្នុងសមរភូមិរួចរាល់ និងមានតម្លៃសមនឹងទិញ ហើយវាក៏ជួយពង្រឹងទំនាក់ទំនងជាមួយដៃគូឈូងសមុទ្ទដ៏សំខាន់ហួសពីវិស័យប្រេង និងពាណិជ្ជកម្ម»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត