
រដ្ឋធានីណៃពិដោ៖ មេដឹកនាំរបបសឹក និងជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Global New Light of Myanmar នៅថ្ងៃទី១កក្កដា។

លោក មីន អ៊ុងឡាំង នឹងត្រូវអមដំណើរដោយភរិយារបស់លោក និងគណៈប្រតិភូរដ្ឋមន្ត្រីជាន់ខ្ពស់។ ដំណើរទស្សនកិច្ចដែលធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) គឺជាការឈានជើងចូលទៅកាន់ប្រទេសជាសមាជិកអាស៊ាន ជាលើកដំបូងបំផុតរបស់លោក មីន អ៊ុងឡាំង ចាប់តាំងពីលោកបានបញ្ចប់ដំណើរការផ្ទេរអំណាចពីប្រមុខយោធា មកជាប្រធានាធិបតី ឬប្រមុខរដ្ឋ កាលពី៤ខែមុន។ លោក ទើបតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសធំៗ គឺចិន និងឥណ្ឌា។ ទោះបីជាកន្លងមក អាស៊ានមិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ដែលបានផាត់ចោលក្រុមប្រឆាំងធំៗក៏ដោយ ប៉ុន្តែមួយរយៈចុងក្រោយនេះ មេដឹកនាំអាស៊ាន ហាក់បានព្យាយាមបង្កើនការប្រកួតប្រជែងការទូត និងការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមីយ៉ាន់ម៉ា។

អ្នកវិភាគបានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវនាពេលនេះ គឺជាការបំបែករបាំងនៃការដាក់ឱ្យនៅឯកោផ្នែកការទូត ដែលអាស៊ានធ្លាប់បានអនុវត្តប្រឆាំងនឹងមីយ៉ាន់ម៉ា ចាប់តាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០២១មក។ ការដើរចូលអាស៊ានសាជាថ្មីរបស់លោក មីន អ៊ុងឡាំង នឹងធ្វើឱ្យកម្លាំងគាបសង្កត់នយោបាយក្នុង «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» របស់អាស៊ាន ត្រូវចុះខ្សោយ៕




