សម្តេចតេជោ ណែនាំមន្ត្រីគ្រប់គ្រងអាជីវកម្មរ៉ែនៅខេត្តមណ្ឌលគិរី កុំឱ្យប៉ះពាល់ដល់បរិស្ថាន
អុន សម្ផស្ស
10 ម៉ោងមុន

ក្រុងសែនមនោរម្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ការធ្វើអាជីវកម្មរ៉ែនៅខេត្តមណ្ឌលគិរី ដើម្បីធានាថា ការអភិវឌ្ឍវិស័យនេះប្រព្រឹត្តទៅដោយមានការទទួលខុសត្រូវ និងមិនប៉ះពាល់ដល់បរិស្ថាន...។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៧កក្កដានេះ នៅសាលាខេត្តមណ្ឌលគិរី សម្តេចតេជោ មានប្រសាសន៍ថា៖«[..]អាជ្ញាធរគ្រប់លំដាប់ថ្នាក់[ត្រូវ]ពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីនេះ ទាក់ទងទៅនឹងការធ្វើអាជីវកម្មរ៉ែ កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស[..]»។ ទន្ទឹមគ្នា សម្ដេចតេជោ ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលម្អៀងភាគីខាងណានោះទេ។ សម្ដេចតេជោ ក្រើនរំឭកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា៖«មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ»

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តនេះ មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន១៨ក្រុមហ៊ុន ស្មើនឹង២១អាជ្ញាបណ្ណ។ ក្នុងចំណោមនោះ ក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា បានចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងសម្រេចបានបរិមាណចម្រាញ់មាសជាង ១៨តោន។ ខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាខេត្តដែលមានសក្តានុពលធនធានធម្មជាតិ និងរ៉ែ។ ទន្ទឹមនឹងការជំរុញការវិនិយោគលើវិស័យរ៉ែ អាជ្ញាធរត្រូវបន្តពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត