កម្ពុជា-រ៉ូម៉ានី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន តាមរយៈក្របខ័ណ្ឌហ្វ្រង់កូហ្វូនី
អុន សម្ផស្ស
20 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា និងរ៉ូម៉ានី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមរយៈក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោក ដាស៊ាន ជូលាន ចូឡូស (Dacian Julien Ciolos) ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ..។ 

អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Dacian Julien Ciolos និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-រ៉ូម៉ានី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ទន្ទឹមគ្នា សម្តេច ថ្លែងអំណរគុណចំពោះសារសួរសុខទុក្ខពីប្រធានាធិបតីរ៉ូម៉ានី និងបានចែករំលែកទស្សនៈអំពីស្ថានការណ៍អន្តរជាតិ និងតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកទាំងអស់។

ក្នុងក្របខ័ណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី សម្តេចតេជោកត់សម្គាល់ថា ក្នុងនាមជាអង្គការមានសមាជិកដ៏ច្រើន ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិរហូតដល់៥៣ប្រទេស សមាជិកទាំងអស់ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេច ក៏បានចែករំលែកទស្សនៈទាក់ទងទៅនឹងការពង្រីកក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែមក្នុងកិច្ចសហការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។ ប្រមុខរដ្ឋស្តីទី សង្កត់ធ្ងន់ថា៖«អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ»

ជាការឆ្លើយតបក្នុងជំនួប លោក Dacian Julien Ciolos បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម។ លោក Dacian Julien Ciolos លើកឡើងថា កម្ពុជា-រ៉ូម៉ានី មានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ហើយភាគីទាំងពីរនឹងបន្តខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗបន្ថែមទៀត។ ជាមួយគ្នា ក្នុងនាមជាបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការនៃអង្គការហ្វ្រង់កូហ្វូនី លោក Dacian Julien Ciolos បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌនៃកិច្ចការអន្តរជាតិនេះ លោក Dacian Julien Ciolos អបអរសាទរចំពោះកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលលោកចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា នៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី។ ក្នុងពេលជាមួយគ្នាលោកបញ្ជាក់ថា លោកប្រធានាធិបតីរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ សម្ដែងការស្វាគមន៍ និងរង់ចាំទទួលវត្តមានលោកប្រធានាធិបតីរ៉ូម៉ានី និងអ្នកធុរកិច្ចមកកម្ពុជានាពេលខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត