
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ…។

ទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយ ស៊ី ជីនពីង (Xi Jinping) ជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។ ជាមួយគ្នានេះ សម្តេច ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លី ឈៀង (Li Qiang) នាយករដ្ឋមន្ត្រីចិន និងលោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេច នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ព្រឹទ្ធសភា ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ថាសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងចិន ក្នុងការបន្តពង្រឹងទំនាក់ទំនង «មិត្តភាពដែកថែប» និងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលជាក់ស្តែងបន្ថែមទៀត។ គណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិ និងក្នុងជួររាជរដ្ឋាភិបាលមួយចំនួនទៀត៕




