
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះសារអបអរសាទរ ក្រោយកម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក U.S. News & World Report វាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ១ថា ជាប្រទេសមាននិរន្តរភាពដី និងធនធានធម្មជាតិ (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា កម្ពុជាឈរនៅលំដាប់លេខ១ នាំមុខប្រទេសស្លូវេនី ដែលស្ថិតនៅលេខ២ និងប្រទេសប៉ារ៉ាហ្កាយ ដែលស្ថិតនៅលេខ៣។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន កម្ពុជាក៏ឈរនៅលំដាប់ទី១ ផងដែរ បន្ទាប់មកគឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ការវាយតម្លៃលើប្រភេទនិរន្តរភាពដី និងធនធានធម្មជាតិនេះ ផ្អែកលើសូចនាករសំខាន់ៗ រួមមាន៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងបញ្ហាកង្វះទឹក។

របាយការណ៍បានបញ្ជាក់ថា ការវាយតម្លៃនេះ ប្រើប្រាស់ទិន្នន័យពីស្ថាប័នអន្តរជាតិជាច្រើន រួមមាន EDGAR, FAO, UNCTAD, EU GHSL និងធនាគារពិភពលោក ដើម្បីវាស់វែងការគ្រប់គ្រង និងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ការទទួលបានចំណាត់ថ្នាក់នេះ បង្ហាញពីការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្សព្រៃឈើ ការពារធនធានធម្មជាតិ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ សូមរំឭកថា កាលពីថ្ងៃទី១៣ឧសភា កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៦ផងដែរ៕



