
ក្រុងកំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ឆ្ពោះទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ប្រវែងជាង៤៥គីឡូម៉ែត្រ...។

អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក«ផ្លូវ»ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដោយបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក មានផ្លូវ មានសង្ឃឹម។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ៧ ត្រូវបានរំពឹងថា នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចប្រមាណ១៥,២៧ភាគរយ តាមរយៈការកាត់បន្ថយពេលវេលាធ្វើដំណើរ សម្រួលការដឹកជញ្ជូនទំនិញ និងកសិផល ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្តកំពង់ចាម និងតំបន់ជាប់ព្រំប្រទល់។ ទន្ទឹមនឹងការសម្ពោតដាក់ឱ្យប្រើប្រាស់នេះ សម្តេចនាយករដ្ឋមន្ត្រី ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូករួមថែរក្សា។ ក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំប្រឹងប្រែង ពង្រឹងការងារត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កំណត់ ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ។

គួរជ្រាបថា ប្រើពេលសាងសង់២៧ខែ និងបញ្ចប់នៅថ្ងៃទី១៥មិថុនា ឆ្នាំ២០២៦ ផ្លូវនេះចំណាយថវិកាអស់ប្រមាណ១១៧លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម មាន៤គន្លងចរាចរណ៍ សាងសង់តាមស្ដង់ដារបច្ចេកទេសទំនើប។ គម្រោងនេះ ក៏ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិផងដែរ៕







