
រាជធានីភ្នំពេញ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ដែលមានប្រវែងសរុប៤៥,៥០គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម សម្រេចការសាងសង់បាន៤៣ភាគរយហើយ…។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវបានធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ (៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំចំនួន៨ ស្មើប្រវែងសរុប១៥៦ម៉ែត្រ, ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន៧ស្ពាន ស្មើប្រវែងសរុប១១៦ម៉ែត្រ, លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខារចរាចរណ៍នានា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០មីនា ឆ្នាំ២០២៥ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់-គីហ្សូណា សម្រេចការសាងសង់បាន៤៣ភាគរយ។ ផ្នែកតាមសន្ទុះល្បឿន និងភាគមមាញឹកនៃការដ្ឋាន កំណាត់ផ្លូវដ៏សំខាន់នេះ ត្រូវបានរំពឹងថានឹងសម្រេចវឌ្ឍនភាពក្នុងអំឡុងឆ្នាំ២០២៦ខាងមុខ ពោលលឿនជាងផែនការដែលបានគ្រោងទុក (អំឡុងខែកក្កដា ឆ្នាំ២០២៧)។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។ កំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦, ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី និងភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។

ការដ្ឋានសាងសង់កំពុងមមាញឹកខ្លាំង ក្រសួងសាធារណការ បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សូមប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមដែលជាផ្នែកមួយជួយកាត់បន្ថយការហុយធូលីលើប្រជាពលរដ្ឋនៅតាមដងផ្លូវ៕



